សិក្ខាសាលាផ្សព្វផ្សាយស្តីពី “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា ២០២៥-២០៣៥”

Jul 1, 2025

នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា គ.ស.២០២៥ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា ២០២៥-២០៣៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម ដោយមានការចូលរួមពី លោកស្រី នាន បូនី អគ្គនាយករងនៃ ន.គ.ស. លោក/លោកស្រី ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្ត្រីជំនាញនៃ ន.គ.ស. សមាជិក ស្ថាប័នពាក់ព័ន្ធ សាធារណជន និងអ្នកចូលរួម សរុបចំនួន៣៥០រូប នៅសណ្ឋាគារភ្នំពេញ។ ក្នុងនោះផងដែរ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានចូលរួមវាគ្មិនកិត្តិយសក្នុងវេទិកាសំណួរនិងចម្លើយ ក្នុងសិក្ខាសាលាខាងលើផងដែរ ។ សិក្ខាសាលាត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងបានកាន់តែទូលំទូលាយ និងស៊ីជម្រៅអំពី យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា២០២៥-២០៣៥ របស់និយ័តករគណនេយ្យនិងសវនកម្ម ក៏ដូចជាផ្សព្វផ្សាយ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជាបានកាន់តែរីកចម្រើននាពេលអនាគត។

សិក្ខាសាលានេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។