សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

Oct 28, 2025

នៅព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា គ.ស. ២០២៥ នៅសាកលវិទ្យាល័យវេស្ទើន លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួម នឹងធ្វើបទបង្ហាញអំពី វិជ្ជាជីវៈគណនេយ្យនៅកម្ពុជា ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យវេស្ទើន ក្រោមអធិបតីភាព លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោក អុឹម សារ៉ាវុធ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវេស្ទើន។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប១៨០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យវេស្ទើន ។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១១និង១០នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។