ATQ Certificate Awarding Ceremony and Knowledge Sharing Program at ACLEDA University of Business

Mar 13, 2026

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងកម្មវិធីចែករំលែកចំណេះដឹងជូនដល់និស្សិត នៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) ដោយមានការអមដំណើរដោយសហការី។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា ដើម្បីពង្រឹងការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជំរុញទឹកចិត្តនិស្សិតគណនេយ្យ លើកកម្ពស់តម្លៃនៃការប្រឡងវិជ្ជាជីវៈ និងបង្ហាញពីអត្ថប្រយោជន៍នៃការរៀនសូត្រពីអ្នកជំនាញដែលមានបទពិសោធជាក់ស្តែង នៅសាលប្រជុំប្រាសាទអង្គរវត្ត នៃ AUB។

ក្នុងឱកាសនោះ លោកស្រីនាយិកាប្រតិបត្តិ បានផ្តល់កិត្តិយសក្នុងការប្រគល់វិញ្ញាបនបត្រ និងសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនដល់និស្សិតដែលបានប្រឡងជាប់ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។ ព្រមជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ បន្តការខិតខំអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់អាជីពការងារក្នុងវិស័យគណនេយ្យ និងសវនកម្មនាពេលអនាគត។ កម្មវិធីនេះ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និងបង្ហាញពីតម្លៃនៃការប្រឡងវិជ្ជាជីវៈ ក្នុងការពង្រឹងគុណភាពធនធានមនុស្សស្របតាមស្តង់ដាវិជ្ជាជីវៈ។

នៅក្នុងកម្មវិធីដដែលនេះ ក៏មានការធ្វើបទបង្ហាញចែករំលែកបទពិសោធដោយលោកស្រី ស៊ុន គីមហ៊ីន សហស្ថាបនិក និងជានាយិកាផ្នែកសេវាគណនេយ្យនៃក្រុមហ៊ុន FII&ASSOCIATES លើប្រធានបទ “ការត្រៀមខ្លួនដើម្បីក្លាយជាបុគ្គលិកក្នុងស្ថាប័នវិជ្ជាជីវៈគណនេយ្យ ពន្ធដារ និងសវនកម្ម”។ ការធ្វើបទបង្ហាញនេះ បានផ្តល់នូវទស្សនទានអនុវត្តជាក់ស្តែង និងបទពិសោធដ៏មានតម្លៃ ដែលជាការបំផុសគំនិត និងជួយឱ្យនិស្សិតអាចត្រៀមខ្លួនបានកាន់តែល្អប្រសើរសម្រាប់ការចាប់ផ្តើមអាជីពរបស់ខ្លួន។ បន្ថែមពីនេះ លោក ហេង គិតសុផល អគ្គនាយកនៃក្រុមហ៊ុន Advance Grand Formula Co., Ltd. ក៏បានចូលរួមក្នុងវេទិកាពិភាក្សា សំណួរ-ចម្លើយ និងបានចែករំលែកទស្សនទានវិជ្ជាជីវៈរបស់លោក ស្តីពីការលើកទឹកចិត្ត និងគាំទ្រនិស្សិតក្នុងការសិក្សាមុខវិជ្ជាគណនេយ្យ ព្រមទាំងការស្វែងរកឱកាសការងារក្នុងវិស័យនេះផងដែរ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀនសូត្រ បទពិសោធអនុវត្តជាក់ស្តែង និងការប្តេជ្ញាចិត្តប្រកបដោយវិជ្ជាជីវៈ ដែលនេះជាកត្តាដ៏សំខាន់សម្រាប់និស្សិតក្នុងការកសាងអាជីពការងារឱ្យទទួលបានជោគជ័យក្នុងវិស័យគណនេយ្យ និងសវនកម្ម។

ជាលទ្ធផល កម្មវិធីនេះគឺបានផ្តល់ចំណេះដឹងនិងអត្ថប្រយោជន៍ដ៏មានតម្លៃដល់និស្សិតអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ចំណេះដឹងស្តីពីជំនាញ និងសមត្ថភាពដែលចាំបាច់សម្រាប់វិស័យគណនេយ្យ និងសវនកម្ម ដែលទទួលបានការណែនាំដោយផ្ទាល់ពីអ្នកជំនាញមានបទពិសោធ។ កម្មវិធីនេះក៏បានជួយពង្រឹងទំនាក់ទំនងរវាងនិស្សិត និងឱកាសការងារ ដែលជួយលើកទឹកចិត្តឱ្យនិស្សិតបន្តការសិក្សា និងការត្រៀមខ្លួនយ៉ាងមានប្រសិទ្ធភាពសម្រាប់ការចាប់យកឱកាសការងារក្នុងវិស័យគណនេយ្យ និងសវនកម្ម។

កម្មវិធីនេះទទួលបានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ២៣០រូប ហើយបានបញ្ចប់ទៅដោយជោគជ័យ នៅវេលាម៉ោង ១១:៥៨ នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល។