សន្និសីទគណនេយ្យករជំនាញអាស៊ានលើកទី៤ ក្រោមប្រធានបទ “ការជំរុញចីរភាព និងកំណើនវិជ្ជាជីវៈក្នុងអាស៊ាន (ចំណុចប្រសព្វនៃគណនេយ្យ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសមាហរណកម្មក្នុងតំបន់អាស៊ាន)”

កក្កដា 21, 2025

នាថ្ងៃសុក្រ ៨ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា គ.ស. ២០២៥ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសន្និសីទគណនេយ្យករជំនាញអាស៊ានលើកទី៤ ក្រោមប្រធានបទ “ការជំរុញចីរភាព និងកំណើនវិជ្ជាជីវៈក្នុងអាស៊ាន (ចំណុចប្រសព្វនៃគណនេយ្យ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសមាហរណកម្មក្នុងតំបន់អាស៊ាន)” ក្រោមអធិបតីភាពបើកសន្និសីទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផ្ដល់សុន្ទរកថាស្វាគមន៍ដោយឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

ក្នុងសន្និសីទនេះ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានអញ្ជើញចូលរួម និងផ្តល់សុន្ទរកថាបិទ អង្គសន្និសីទគណនេយ្យករជំនាញអាស៊ានលើកទី៤ លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានចូលរួមជាវាគ្មិនដើម្បីធ្វើបទបង្ហាញក្រោមប្រធានបទ “តួនាទីនៃបច្ចេកវិទ្យាហិញ្ញវត្ថុក្នុងការជំរុញចីរភាពក្នុងតំបន់អាស៊ាន” និងលោក ជា ធួន នាយករងប្រតិបត្តិនៃ វ.គ.ស.ក. បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្ដីពីបទពិសោធក្នុងការចល័ត គណនេយ្យករជំនាញអាស៊ាន និងការចុះឈ្មោះជាគណនេយ្យករជំនាញបរទេស(RFPA) នៅក្នុងបណ្តាប្រទេសអាស៊ានផងដែរ។

សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំគណនេយ្យករជំនាញមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីចែករំលែកចំណេះដឹង និងការវិវត្តនៃវិស័យគណនេយ្យនិងសវនកម្មនៅតាមបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ាន។ សន្និសីទគណនេយ្យជំនាញអាស៊ានលើកទី៤ ត្រូវបានបញ្ចប់នាថ្ងៃខែឆ្នាំដដែលប្រកបដោយភាពជោគជ័យខ្ពស់ និងទទួលបានការចូលរួមពីសំណាក់មន្ត្រីជំនាញ គណនេយ្យករជំនាញ សមាជិក និងម្ចាស់ឬតំណាងក្រុមហ៊ុនដែលជាសមាជិករបស់ វ.គ.ស.ក. សរុបចំនួនប្រមាណ៣១១រូប។