
កម្មវិធីចែករំលែកចំណេះដឹងតាមអនឡាញស្ដីពី “Financial Dashboard and Data Storytelling with Microsoft Excel”
នារសៀលថ្ងៃអង្គារ ១០ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែសីហា គ.ស.២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.)បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងតាមអនឡាញស្ដីពី “Financial Dashboard and Data Storytelling with Microsoft Excel” ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសលោក បាន សិទ្ធី ជាសាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុ គណនេយ្យ ពន្ធដារ QuickBooks និងAdvanced Excel។ កម្មវិធីនេះជាផ្នែកមួយនៃការគាំទ្រមុខវិជ្ជាទី២ស្តីពី ជំនាញ ITនិងកម្មវិធីកុំព្យូទ័រ នៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។ សិក្ខាសាលានេះទទួលជោគជ័យ ដោយមានការចូលរួមពីសាធារណជន និងសិស្សនិស្សិតប្រមាណ ២៧៧នាក់ដែលមកពី សាកលវិទ្យាល័យដែលជាដៃគូរបស់ វ.គ.ស.ក. និងស្ថាប័នផ្សេងៗទៀត។ ជាលទ្ធផល កម្មវិធីនេះបានផ្តល់ផលប្រយោជន៍ដល់សាធារណជន និងនិស្សិតដូចជា៖
១. រង្វាស់ហិរញ្ញវត្ថុ(ការវិភាគអនុបាតប្រាក់ចំណេញ និងអនុបាតសន្ទនីយភាព)
២. ការប្រមូល សម្រួល និងវិភាគទិន្នន័យ
៣. ការបង្កើត Dashboard ដោយប្រើប្រាស់កម្មវិធី Microsoft Excel
៤. ការបកស្រាយ Dashboard សម្រាប់ធ្វើការសម្រេចចិត្តផ្សេងៗ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយភាពជោគជ័យ និងផ្លែផ្កា។












