ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “ការទទួលស្គាល់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ជាស្ថាប័នបណ្តុះបណ្តាលដៃគូនៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)”

វិច្ឆិកា 15, 2025

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា គ.ស.២០២៥ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាបានប្រារព្វឡើងរវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្តីពី “ការទទួលស្គាល់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ជាស្ថាប័នបណ្តុះបណ្តាលដៃគូនៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)” ដោយមានការអញ្ជើញចូលរួមពីលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នាយក និងសិស្សនិស្សិតប្រមាណ ៥០នាក់បានចូលរួម។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង ១០:០០ នាទីព្រឹក នៅបន្ទប់ប្រជុំធំនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់និស្សិតក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។