កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការដាក់បញ្ជូនរបាយការណ៍ទៅនិយ័តករគណនេយ្យនិងសវនកម្មតាមរយៈថ្នាលឌីជីថល”

មេសា 9, 2026

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុន អេហ្វអាយអាយ &អឹសូស៊ីអេត បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ការដាក់បញ្ជូនរបាយការណ៍ទៅនិយ័តកគណនេយ្យនិងសវនកម្មតាមរយៈថ្នាលឌីជីថលប្រកបដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១១:៣០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​

 

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោកស្រី ស៊ុន គីមហ៊ីន, នាយិកា សេវាកម្មគណនេយ្យនៃក្រុមហ៊ុន អេហ្វអាយអាយ &អឹសូស៊ីអេត។ លោកស្រីបានចែករំលែកនូវការអនុវត្តជាក់ស្តែងលើការដាក់របាយការណ៍ប្រចាំឆ្នាំជូនទៅនិយ័តករគណនេយ្យនិងសវនកម្មតាមរយៈប្រព័ន្ធឌីជីថល ព្រមទាំងបានលើកឡើងនូវចំណុចសំខាន់ៗ ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

អំឡុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

  • ការស្វែងយល់ពីនីតិវិធីនៃការដាក់របាយការណ៍ទៅនិយ័តករគណនេយ្យនិងសវនកម្មតាមប្រព័ន្ធឌីជីថល។
  • ការធានាឱ្យបាននូវអនុលោមភាពតាមតម្រូវការនៃរបាយការណ៍ប្រចាំឆ្នាំ។
  • ការបង្កើនប្រសិទ្ធភាព និងភាពត្រឹមត្រូវក្នុងការរៀបចំរបាយការណ៍ឌីជីថល។
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។

 

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤៨៦ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., គណនេយ្យករ, សវនករ, អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងបុគ្គលិកដែលពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអនុលោមភាពតាមបទប្បញ្ញត្តិ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ស៊ុន គីមហ៊ីន ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។