កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “បង្កើនផលិតភាពការងារជាមួយបញ្ញសិប្បនិម្មិតដើម្បីភាពឆ្លាតវៃក្នុងការងារ”

ឧសភា 29, 2026

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “បង្កើនផលិតភាពការងារជាមួយបញ្ញសិប្បនិម្មិតដើម្បីភាពឆ្លាតវៃក្នុងការងារ” ប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១១:០០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​

 

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក ឃាន វិសាល គ្រូបង្រៀន & អ្នកស្រាវជ្រាវផ្នែកបញ្ញសិប្បនិម្មិតនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ លោកបានចែករំលែកចំណេះដឹងអនុវត្តជាក់ស្តែងលើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងបរិយាកាសការងារសម័យថ្មីដើម្បីបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ។

អំឡុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

  • ការយល់ដឹងពីតួនាទីរបស់បញ្ញាសិប្បនិម្មិតក្នុងការបង្កើនផលិតភាពការងារ
  • ការស្វែងយល់ពីឧបករណ៍បញ្ញាសិប្បនិម្មិតសម្រាប់ការងារប្រចាំថ្ងៃ
  • ការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់វិភាគទិន្នន័យ និងធ្វើការសម្រេចចិត្ត
  • ការគ្រប់គ្រងពេលវេលា និងការងារឱ្យបានប្រសើរឡើងដោយភាពឆ្លាតវៃ
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤៨២នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., គណនេយ្យករ, សវនករ, អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងបុគ្គលិកដែលពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអនុលោមភាពតាមបទប្បញ្ញត្តិ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃាន វិសាល ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។