វ.គ.ស.ក. ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន POSCAR Digital Co., Ltd. ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ប្រព័ន្ធគណនេយ្យឌីជីថល ការកសាងសមត្ថភាព និងការអភិវឌ្ឍវិជ្ជាជីវៈ

មិថុនា 2, 2026

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន POSCAR Digital Co., Ltd. ដែលជាអ្នកអភិវឌ្ឍន៍ “វិធាន (Vithean)”​​​​ ដែលជាប្រព័ន្ធអាជីវកម្ម និងគណនេយ្យឌីជីថលបង្កើតឡើងដោយកូនខ្មែរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកគណនេយ្យឌីជីថល ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការត្រៀមខ្លួនផ្នែកបច្ចេកវិទ្យាសម្រាប់វិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខារវាង៖

·  លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិ (CEO) នៃ វ.គ.ស.ក.

·  លោក សុខ ពង្សសមេត្រី នាយកប្រតិបត្តិការ (COO) នៃក្រុមហ៊ុន POSCAR Digital Co., Ltd.

កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរ ក្នុងការគាំទ្រដល់ការធ្វើទំនើបកម្មនៃវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា តាមរយៈបរិវត្តកម្មឌីជីថល (Digital Transformation) ការអនុវត្តប្រព័ន្ធ ERP ជាក់ស្តែង និងគំនិតផ្តួចផ្តើមចែករំលែកចំណេះដឹងសម្រាប់គណនេយ្យករ ក្រុមហ៊ុន គ្រូបង្រៀន និស្សិត និងអ្នកពាក់ព័ន្ធក្នុងវិជ្ជាជីវៈទាំងអស់។

ភាពជាដៃគូនេះ ភាគីទាំងពីរនឹងសហការគ្នាលើ៖

–  ការរៀបចំសិក្ខាសាលាអនឡាញ និងសិក្ខាសាលាផ្ទាល់ ស្តីពីប្រព័ន្ធគណនេយ្យឌីជីថល និងការអនុវត្តប្រព័ន្ធ ERP

–  កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងវគ្គបណ្តុះបណ្តាលខ្លីៗ

–  កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់សាស្ត្រាចារ្យសកលវិទ្យាល័យ និងអ្នកពាក់ព័ន្ធ

–  សកម្មភាពចែករំលែកចំណេះដឹង ស្តីពីការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យគណនេយ្យ និងបច្ចេកវិទ្យាអាជីវកម្ម

–  គំនិតផ្តួចផ្តើមស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា ពាក់ព័ន្ធនឹងការត្រៀមខ្លួនផ្នែកឌីជីថល និងអនាគតនៃវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន POSCAR Digital Co., Ltd. ហើយទន្ទឹងរង់ចាំការជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីពង្រឹងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មរបស់កម្ពុជានៅក្នុងយុគសម័យឌីជីថល។