សិក្ខាសាលាស្តីពី “សារៈសំខាន់គណនេយ្យក្នុងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងគណនេយ្យ និងសវនកម្ម” នៅសាកលវិទ្យាល័យ វ៉ាន់ដា

មិថុនា 27, 2026

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីអំពី “សារៈសំខាន់គណនេយ្យក្នុងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងគណនេយ្យ និងសវនកម្ម” នៅសាកលវិទ្យាល័យ វ៉ាន់ដា។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វ៉ាន់ដា ដើម្បីពង្រឹងការយល់ដឹងអំពីវិស័យគណនេយ្យ និងសវនកម្ម ជំរុញទឹកចិត្តនិស្សិត លើកកម្ពស់តម្លៃនៃការសិក្សាវិជ្ជាជីវៈ និងបង្ហាញពីអត្ថប្រយោជន៍នៃការរៀនសូត្រពីអ្នកជំនាញដែលមានបទពិសោធជាក់ស្តែង។

ក្នុងឱកាសនោះ លោកស្រី សាវុធ ដាលី បានផ្តល់កិត្តិយសថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ ដោយបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ ខិតខំអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់អាជីពការងារក្នុងវិស័យ គណនេយ្យ និងសវនកម្មនាពេលអនាគត។ ជាកិច្ចបន្ទាប់ ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ក៏បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅ ទៅលើកិច្ចសហការរវាង​ វ.គ.ស.ក. និងសាកលវិទ្យាល័យ វ៉ាន់ដា ក្នុងការពង្រឹងគុណភាពធនធានមនុស្សស្របតាមស្តង់ដាវិជ្ជាជីវៈ។

នៅក្នុងកម្មវិធីដដែលនេះ ក៏មានការធ្វើបទបង្ហាញ និងចែករំលែកបទពិសោធដោយលោកស្រី ស៊ុន គីមហ៊ីន នាយិកាសេវាកម្មគណនេយ្យនៃក្រុមហ៊ុន អេហ្វអាយអាយ &អឹសូស៊ីអេត លើប្រធានបទ “ទំនាក់ទំនងរវាងគណនេយ្យ និងសវនកម្ម”។ ការធ្វើបទបង្ហាញនេះ បានផ្តល់នូវទស្សនទានអនុវត្តជាក់ស្តែង និងបទពិសោធដ៏មានតម្លៃ ដែលជាការបំផុសគំនិត និងជួយឱ្យនិស្សិតអាចយល់ដឹងកាន់តែច្បាស់អំពីទំនាក់ទំនងស៊ីជម្រៅរវាងជំនាញទាំងពីរ ព្រមទាំងការត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមអាជីពរបស់ខ្លួន។ បន្ថែមពីលើនេះ លោក ជា ធួន នាយកប្រតិបត្តិរងនៃ វ.គ.ស.ក. បានធ្វើបទបង្ហាញណែនាំអំពី វ.គ.ស.ក. និងកម្មវិធីសិក្សាវិជ្ជាជីវៈនានា រួមមានកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងផ្លូវឆ្ពោះទៅកាន់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (CPA)។ លោកក៏បានចែករំលែកទស្សនទានដ៏មានតម្លៃលើប្រធានបទ “សារៈសំខាន់នៃគណនេយ្យក្នុងអាជីវកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ឱកាសការងារ និងតម្រូវការវិជ្ជាជីវៈនាពេលអនាគត” ដោយបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃវិជ្ជាជីវៈគណនេយ្យ ក្នុងការជំរុញកំណើនអាជីវកម្ម ការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងការឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនៃអ្នកជំនាញគណនេយ្យប្រកបដោយសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ជាលទ្ធផល កម្មវិធីនេះបានផ្តល់ចំណេះដឹងដ៏មានតម្លៃដល់និស្សិតអំពីការស្វែងយល់ពីទំនាក់ទំនងរវាងគណនេយ្យ និងសវនកម្ម ព្រមទាំងជំនាញចាំបាច់នានា ដែលទទួលបានការណែនាំដោយផ្ទាល់ពីអ្នកជំនាញមានបទពិសោធ។ កម្មវិធីនេះក៏បានជួយពង្រឹងទំនាក់ទំនងរវាងនិស្សិត និងឱកាសការងារ ដែលជួយលើកទឹកចិត្តឱ្យនិស្សិតបន្តការសិក្សា និងការត្រៀមខ្លួនយ៉ាងមានប្រសិទ្ធភាពសម្រាប់ការចាប់យកឱកាសការងារក្នុងវិស័យគណនេយ្យ និងសវនកម្ម។

កម្មវិធីនេះទទួលបានការចូលរួមយ៉ាងច្រើនពីសំណាក់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិត ហើយបានបញ្ចប់ទៅដោយជោគជ័យ ប្រកបដោយភាពស្និទ្ធស្នាល ជាមួយនឹងការថតរូបអនុស្សាវរីយ៍រួមគ្នា នៅវេលាម៉ោង ១១:៤៥ នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល។