វគ្គតម្រង់ទិស ស្តីពី “ការផ្សព្វផ្សាយពីវិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុ” ជូនដល់សិស្សនិស្សិតនៅសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ

កក្កដា 20, 2026

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) បានសហការជាមួយសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ រៀបចំវគ្គតម្រង់ទិស ស្តីពី “ការផ្សព្វផ្សាយពីវិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុ” ជូនដល់លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្សទាំង ៤វិទ្យាល័យរួមមាន វិទ្យាល័យ ហ៊ុនសែន អូរាំងឪ វិទ្យាល័យ ហ៊ុនសែនចារថ្មី វិទ្យាល័យ តេជោសែនត្បូងឃ្មុំ និងវិទ្យាល័យ ហ៊ុនសែនខ្នារ សរុបប្រមាណ ២០០នាក់ នៅសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ។ វគ្គតម្រង់ទិសនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់សាស្ត្រាចារ្យរងបណ្ឌិត ពិន ​តារា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមដោយលោក ជា ធួន នាយកប្រតិបត្តិរងនៃ វ.គ.ស.ក.​ ជាវាគ្មិនកិត្តិយសក្នុងការធ្វើបទបង្ហាញទៅលើ៖

  • ការណែនាំសិស្សនិស្សិតឱ្យបានស្គាល់អំពីវិស័យគណនេយ្យ សវនកម្ម និងហិរញ្ញវត្ថុ រួមទាំងតួនាទី និងសារៈសំខាន់នៃវិស័យទាំងនេះក្នុងការគាំទ្រដល់ប្រតិបត្តិការអាជីវកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច។
  • ពន្យល់ពីអត្ថប្រយោជន៍នៃការបន្តការសិក្សាលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ រួមមានចំណេះដឹង ជំនាញបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ដែលនិស្សិតអាចអភិវឌ្ឍបានសម្រាប់អាជីពការងាររបស់ពួកគេ។
  • ចែករំលែកនូវទស្សនទានអំពីឱកាសការងារដ៏សម្បូរបែបដែលមាននៅក្នុងវិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុ ដែលជួយឱ្យនិស្សិតយល់ដឹងពីផ្លូវឆ្ពោះទៅកាន់អាជីពការងារនាពេលអនាគតបន្ទាប់ពីបញ្ចប់ការសិក្សា។
  • ផ្តល់ជូននូវទិដ្ឋភាពទូទៅនៃឱកាសការងារនៅក្នុងវិស័យផ្សេងៗគ្នា រួមមានក្រុមហ៊ុនគណនេយ្យ ក្រុមហ៊ុនសវនកម្ម គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន និងអង្គការផ្សេងៗទៀត។
  • ពង្រឹងការយល់ដឹងរបស់សិស្សនិស្សិតអំពីតម្លៃ និងឱកាសនៅក្នុងវិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងលើកទឹកចិត្តពួកគេឱ្យពិចារណាលើវិស័យទាំងនេះ ទុកជាមុខជំនាញសិក្សា និងការអភិវឌ្ឍអាជីពការងារនាពេលអនាគត។

កម្មវិធីនេះត្រូវបានបញ្ចប់នៅម៉ោង ១២​ និង០០នាទីថ្ងៃ​ នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសប្រកបដោយផ្លែផ្កា និងភាពស្និទ្ធស្នាល ដោយបានផ្តល់ជូនសិស្សនិស្សិតនូវការយល់ដឹងដ៏មានតម្លៃអំពីគុណវុឌ្ឍិវិជ្ជាជីវៈគណនេយ្យ និងឱកាសអភិវឌ្ឍអាជីពការងារក្នុងវិជ្ជាជីវៈគណនេយ្យ។