សិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ “លើកស្ទួយវិស័យគណនេយ្យ និងសវនកម្ម”

កក្កដា 29, 2026

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ “លើកស្ទួយវិស័យគណនេយ្យ និងសវនកម្ម”។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) និងមានការចូលរួមពីថ្នាក់ដឹកនាំ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតប្រមាណ ១២០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ព្រមទាំងផ្សព្វផ្សាយអំពីសារៈសំខាន់នៃវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងឱកាសអភិវឌ្ឍអាជីពការងារដល់និស្សិត។ កម្មវិធីសិក្ខាសាលានេះបានផ្តល់ចំណេះដឹងពាក់ព័ន្ធនឹង៖

 ១. ទិដ្ឋភាពទូទៅនៃវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា

 ២.​ វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម

 ៣. កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ) និង

 ៤.​ ការលើកកម្ពស់អនុលោមភាពគណនេយ្យ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្មប្រកបដោយគុណភាព តម្លាភាព និងភាពជឿទុកចិត្ត។

ក្នុងនោះផងដែរ លោក ជា ធួន នាយកប្រតិបត្តិរង នៃ វ.គ.ស.ក. បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងការតម្រង់ទិសជូនដល់និស្សិតស្តីពី “កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)”ក្នុងគោលបំណងដើម្បីជំរុញឱ្យនិស្សិតយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ព្រមទាំងលើកទឹកចិត្តឱ្យចូលរួមអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។

កម្មវិធីនេះត្រូវបានបញ្ចប់នៅម៉ោង ១១ និង៤០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសប្រកបដោយផ្លែផ្កា និងភាពស្និទ្ធស្នាល ដោយបានផ្តល់ជូននិស្សិតនូវការយល់ដឹងដ៏មានតម្លៃអំពីគុណវុឌ្ឍិវិជ្ជាជីវៈគណនេយ្យ និងឱកាសអភិវឌ្ឍអាជីពការងារក្នុងវិជ្ជាជីវៈគណនេយ្យ។