វគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពគណនេយ្យឌីជីថល៖ ឧបករណ៍គន្លឹះសម្រាប់អនុលោមភាពពន្ធដារ និងពង្រីកអាជីវកម្ម”

កញ្ញា 17, 2026

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណនេយ្យករជំនាញនិងសវនករកម្ពុជា(វ.គ.ស.ក.) ដោយមានការគាំទ្រពីក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពគណនេយ្យឌីជីថល៖ ឧបករណ៍គន្លឹះសម្រាប់អនុលោមភាពពន្ធដារ និងពង្រីកអាជីវកម្ម” សម្រាប់សាស្រ្តាចារ្យប្រមាណ ១២២រូប មកពីសាកលវិទ្យាល័យផ្សេងៗគ្នាតាមរយៈប្រព័ន្ធអនឡាញ Zoom Meeting ។

វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមដោយវាគ្មិនកិត្តិយស លោកស្រី ភោគ ផណ្ណា ជាប្រធានគ្រប់គ្រងផ្នែកដៃគូសហការនៃក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ វាគ្មិនបានចែករំលែកនូវចំណេះដឹងយ៉ាងស៊ីជម្រៅអំពីកម្មវិធីគណនេយ្យអនឡាញ ដែលជួយពង្រឹងសមត្ថភាពដល់សាស្រ្តាចារ្យបន្ថែមទៅលើ៖

១-ការប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីធានាអនុលោមភាព៖ ការធ្វើស្វ័យប្រវត្តិនៃការប្រកាសពន្ធប្រចាំខែ​ និងការរៀបចំឯកសារយោង។

២-ការផ្លាស់ប្តូរពីការកត់ត្រាប្រវត្តិហិរញ្ញវត្ថុ ទៅជាការរៀបចំផែនការយុទ្ធសាស្ត្រតាមពេលវេលាជាក់ស្តែង៖ ការប្រើប្រាស់ទិន្នន័យជាក់ស្ដែង (Real-time data) ដើម្បីគាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្ត្រ និងការធ្វើសេចក្តីសម្រេចចិត្ត។

៣-ទទួលបានបទពិសោធផ្ទាល់ក្នុងការប្រើប្រាស់កម្មវិធីគណនេយ្យអនឡាញ៖ ការសិក្សាពីជំហានមូលដ្ឋានក្នុងការបង្កើតគណនី និងការរៀបចំប្រព័ន្ធសម្រាប់អាជីវកម្ម។

៤-បង្រៀនមុខវិជ្ជាគណនេយ្យ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការផ្សារភ្ជាប់ចំណេះដឹង ទៅនឹងការអនុវត្តជាក់ស្ដែង។

កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ១១ និង​៥នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងការចូលរួមយ៉ាងសកម្មពីសាស្ត្រាចារ្យ។