កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “អភិបាលកិច្ចសាជីវកម្ម”

មិថុនា 26, 2026

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ក្រោមកិច្ចសហប្រតិបត្តិការជាមួយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “អភិបាលកិច្ចសាជីវកម្ម” ប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:៣០ ដល់ម៉ោង ១១:០០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​ 

សិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោកស្រី ប៉ុន ពេជ្រនារី ប្រធានការិយាល័យអភិបាលសាជីវកម្ម នៃនិយ័តករមូលបត្រកម្ពុជា។ លោកស្រីបានចែករំលែកចំណេះដឹងដ៏មានតម្លៃពាក់ព័ន្ធនឹងគោលការណ៍អភិបាលកិច្ច ក្របខណ្ឌបទប្បញ្ញត្តិ និងតម្រូវការអនុលោមភាពដែលអនុវត្តចំពោះក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ។

អំឡុងសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដូចជា៖

·      យល់ដឹងអំពីសារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្មសម្រាប់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ

·      យល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង ភាគហ៊ុនិក និងសវនករ

·      យល់ដឹងអំពីតម្រូវការបទប្បញ្ញត្តិ និងការអនុលោមតាមច្បាប់ ដែលអនុវត្តចំពោះក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ

·      ការឆ្លើយតបកត្តាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៣៣៦ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក. សមាជិកក្រុមប្រឹក្សាភិបាល និងនាយកក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ គណៈគ្រប់គ្រង និងអ្នកដឹកនាំអង្គភាព ភាគហ៊ុនិក និងវិនិយោគិន សវនករ គណនេយ្យករ អ្នកជំនាញផ្នែកអនុលោមតាមច្បាប់ សិស្សនិស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍លើអភិបាលកិច្ចសាជីវកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ប៉ុន ពេជ្រនារី ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។