
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការត្រួតពិនិត្យសុខភាពពន្ធ និងការរកឃើញបញ្ហាពន្ធប្រឈមទូទៅ”
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី “ការត្រួតពិនិត្យសុខភាពពន្ធ និងការរកឃើញបញ្ហាពន្ធប្រឈមទូទៅ” ប្រកបដោយជោគជ័យ កាលពីថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹក តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។
កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក រស់ វណ្ណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក ដែលលោកបានចែករំលែកចំណេះដឹងលើ៖
- ការណែនាំអំពីការត្រួតពិនិត្យសុខភាពពន្ធនិងប្រភេទសវនកម្មពន្ធដារ
- ហេតុអ្វីការត្រួតពិនិត្យសុខភាពពន្ធសំខាន់?
- អត្ថប្រយោជន៍ការត្រួតពិនិត្យសុខភាពពន្ធ
- ដំណើរការត្រួតពិនិត្យសុខភាពពន្ធ
- ការរកឃើញបញ្ហាពន្ធប្រឈមទូទៅនិងកន្លែងមានហានិភ័យ
- ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ
កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៥៧៥ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក. គណនេយ្យករ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ សវនករ ម្ចាស់អាជីវកម្ម សិស្សនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ និងអ្នកបណ្តុះបណ្ដាលដែលកំពុងអនុវត្តអាជីពគណនេយ្យ។
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។
វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក រស់ វណ្ណារ៉ា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។
















