កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “លើសពីការអនុលោមតាមបទប្បញ្ញត្តិ៖ ជំរុញការបង្កើតតម្លៃជាមួយ IFRS S1 និង IFRS S2”

តុលា 22, 2026

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុនខេ ភី អឹម ជ្ជី ខេមបូឌា បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ(Webinar) ស្តីពី​ “លើសពីការអនុលោមតាមបទប្បញ្ញត្តិ៖ ជំរុញការបង្កើតតម្លៃជាមួយ IFRS S1 និង IFRS S2” ប្រកបដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:០០ នាទីព្រឹក តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។​

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹងពីវាគ្មិនកិត្តិយសដោយលោកស្រី ម៉ៃ ធី ង្វៀត អាន់ លើ៖

  • យល់អំពីបរិបទបទប្បញ្ញត្តិនៅកម្ពុជា និងការវិវត្តនៃការរាយការណ៍អំពីការលាតត្រដាងព័ត៌មានចីរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
  • ពង្រឹងចំណេះដឹងជាក់ស្តែងអំពីតម្រូវការទូទៅរបស់ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ សម្រាប់ការលាតត្រដាងព័ត៌មានចីរភាព លេខ ១ និងការបង្ហាញព័ត៌មានពាក់ព័ន្ធនឹងអាកាសធាតុក្រោមស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ សម្រាប់ការលាតត្រដាងព័ត៌មានចីរភាព លេខ ២។
  • អនុវត្តវិធីសាស្ត្រក្នុងការផ្ទៀងផ្ទាត់ការបង្ហាញព័ត៌មាន តាមរយៈឧទាហរណ៍របាយការណ៍ជាក់ស្តែង និងលំហាត់អនុវត្ត។
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។

 កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤២៩ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក.  អ្នកជំនាញផ្នែកគណនេយ្យ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ ប្រធានហិរញ្ញវត្ថុ និងនាយកហិរញ្ញវត្ថុ អ្នកជំនាញផ្នែក ESG និងលាតត្រដាងព័ត៌មានចីរភាព អ្នកជំនាញផ្នែកអភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងហានិភ័យ។

 កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

 វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ម៉ៃ ធី ង្វៀត អាន់ ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។