
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២៩
កាលពីថ្ងៃទី ១-៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និសវនករកម្ពុជា (វ.គ.ស.ក.) និងកញ្ញា កឹង កែវពិសី ប្រធានផ្នែកសមាជិកភាព និងទំនាក់ទំនងនៃ វ.គ.ស.ក. បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញ អាស៊ាន លើកទី២៩ និងដោយមានការអញ្ជើញចូលរួមដោយ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងប្រទេសកម្ពុជា អមដោយមន្រ្តីជំនាញនៃ ន.គ.ស. រួមជាមួយតំណាងប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀតដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
គោលបំណងសំខាន់ៗនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន លើកទី២៩ រួមមាន៖
១. រាយការណ៍ និងធ្វើបច្ចុប្បន្នភាពសមាសភាពគណៈកម្មាធិការត្រួតពិនិត្យ និងសេចក្តីថ្លែងការណ៍វាយតម្លៃរបស់ប្រទេសសមាជិក
២. ពិនិត្យ ពិភាក្សា និងអនុម័តការចុះឈ្មោះគណនេយ្យករជំនាញអាស៊ាន (ASEAN CPA)
៣. វឌ្ឍនភាពនៃផែនទីបង្ហាញផ្លូវរបស់គណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន ឆ្នាំ២០២០ – ២០៣០ និង
៤. ការរាយការណ៍របស់ក្រុមការងារការរាយការណ៍ព័ត៌មានចីរភាព និងការអភិវឌ្ឍន៍ Sustainability Knowledge Hub។
ក្រៅពីនេះនៅថ្ងៃទី២ ខែកុម្ភៈ គ.ស.២០២៦ គណៈប្រតិភូនៃ វ.គ.ស.ក. បានចូលរួមចុះទស្សនកិច្ចនៅ អាជ្ញាធរនិយ័តកម្មសាជីវកម្មនិងគណនេយ្យ (ACRA) និងវិទ្យាស្ថានគណនេយ្យករនៃសិង្ហបុរី(ISCA) ដោយមានគោលបំណងសិក្សាស្វែងយល់អំពីបទពិសោធន៍ ក្របខណ្ឌគោលនយោបាយ និងការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនៅសិង្ហបុរី ព្រមទាំងពិភាក្សាអំពីឱកាសសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍រវាងស្ថាប័នវិជ្ជាជីវៈគណនេយ្យក្នុងតំបន់អាស៊ាន។ ដោយឡែកនៅថ្ងៃទី៣ ខែកុម្ភៈ គ.ស.២០២៦ គណៈប្រតិភូនៃ វ.គ.ស.ក. ក៏បានចូលរួមកិច្ចប្រជុំក្រុមការងារតាមវិស័យ (BSSWG) ជាមួយគណៈកម្មាធិការវិជ្ជាជីវៈផ្សេងៗរបស់អាស៊ាន ដើម្បីរាយការណ៍អំពីលទ្ធផលវឌ្ឍនភាពការងាររបស់ក្រុមការងារធុរកិច្ចតាមវិស័យ និងការសម្របសម្រួលសកម្មភាពរួមក្នុងការអភិវឌ្ឍវិស័យសេវាកម្មនិងវិជ្ជាជីវៈនៅក្នុងតំបន់អាស៊ាន។
កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពជោគជ័យ និងបានពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញវិជ្ជាជីវៈគណនេយ្យនៅទូទាំងអាស៊ាន។










