កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអាស៊ានស្តីពីសេវាកម្មលើកទី១១៤

តុលា 22, 2026

កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិ​ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងកញ្ញា កឹង កែវពិសី ប្រធានផ្នែកសមាជិកភាព និងទំនាក់ទំនង នៃ វ.គ.ស.ក. បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី៣១ (ACPACC) និងកិច្ចប្រជុំពាក់ព័ន្ធនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអាស៊ាន ស្តីពីសេវាកម្មលើកទី១១៤ (CCS) នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ គណៈប្រតិភូកម្ពុជាត្រូវបានដឹកនាំដោយ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) និងអមដំណើរដោយមន្ត្រីជំនាញនៃ ន.គ.ស.។

កិច្ចប្រជុំ ACPACC លើកទី៣១ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែតុលា បានប្រមូលផ្តុំតំណាងពីប្រទេសជាសមាជិកអាស៊ានចំនួន១០ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ជំហានបន្ទាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាកម្មគណនេយ្យ។

របៀបវារៈ និងលទ្ធផលសំខាន់ៗ រួមមាន៖

១. ការទទួលស្គាល់ និងការចុះឈ្មោះវិជ្ជាជីវៈ៖ អង្គប្រជុំបានពិនិត្យបច្ចុប្បន្នភាពសមាសភាពគណៈកម្មាធិការត្រួតពិនិត្យ និងសេចក្តីថ្លែងការណ៍វាយតម្លៃនៃប្រទេសជាសមាជិក ព្រមទាំងកត់សម្គាល់ការអនុម័តបេក្ខជន ASEAN CPA ថ្មីចំនួន ២៧២ រូប។ ចំនួនអ្នកចុះឈ្មោះសរុបបានកើនដល់ ៩,១៨៩ រូប​។

២. វិញ្ញាបនបត្រអេឡិចត្រូនិក ASEAN CPA៖ អង្គប្រជុំបានពិភាក្សាការត្រៀមដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៧ និងឯកភាពលើការប្រើ QR Code សម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រ ព្រមទាំងការផ្ទៀងផ្ទាត់ព័ត៌មានម្ចាស់វិញ្ញាបនបត្រដោយគណៈកម្មាធិការត្រួតពិនិត្យនៃប្រទេសនីមួយៗ មុនពេលចែកចាយ។

៣. ការចល័តអ្នកប្រកបវិជ្ជាជីវៈ និងការចុះឈ្មោះគណនេយ្យករជំនាញបរទេស៖ អង្គប្រជុំបានពិនិត្យវឌ្ឍនភាពនៃសំណើក្របខណ្ឌការចល័ត ASEAN CPA ដោយសិង្ហបុរីនឹងវិភាគធាតុចូលពីប្រទេសជាសមាជិក ដើម្បីគាំទ្រការពិភាក្សាជំហានបន្ទាប់។ អង្គប្រជុំក៏បានពិនិត្យព័ត៌មានស្តីពីសេវាកម្មគណនេយ្យ និងការចុះឈ្មោះគណនេយ្យករជំនាញបរទេស (RFPA)។ ចំនួនការចុះឈ្មោះ RFPA សរុបមាន ៣៩ ក្នុងនោះមាន ២២ នៅកម្ពុជា។

៤.ការរាយការណ៍ព័ត៌មានចីរភាព៖ អង្គប្រជុំបានឯកភាពផ្តល់អាទិភាពដល់ការរៀបចំ ASEAN Sustainability Practice Note ដោយមានផែនការការងារ និងពេលវេលាច្បាស់លាស់ ហើយគ្រោងចេញផ្សាយជាបឋមនៅខែកញ្ញា ឆ្នាំ២០២៧។ អង្គប្រជុំក៏បានកត់សម្គាល់វឌ្ឍនភាពនៃ ASEAN Sustainability Knowledge Hub និងទំព័រសទ្ទានុក្រមស្តីពីចីរភាព។

៥. ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការតំបន់៖ អង្គប្រជុំបានពិនិត្យផែនទីបង្ហាញផ្លូវ ACPACC និងចែករំលែកបច្ចុប្បន្នភាពនៃកម្មវិធីផ្សព្វផ្សាយ និងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។ កម្ពុជាបានរាយការណ៍អំពីការបណ្តុះបណ្តាលសម្រាប់គណនេយ្យករជំនាញកម្ពុជា និងសកម្មភាពផ្សព្វផ្សាយចំណេះដឹងស្តីពីការរាយការណ៍ព័ត៌មានចីរភាព។

ក្រៅពីនេះនៅថ្ងៃទី ២០ ខែតុលា ឆាំ្ន២០២៦ គណៈប្រតិភូនៃ វ.គ.ស.ក. ក៏បានចូលរួមកិច្ចប្រជុំក្រុមការងារតាមវិស័យ (BSSWG) ជាមួយគណៈកម្មាធិការវិជ្ជាជីវៈផ្សេងៗរបស់អាស៊ាន ដើម្បីរាយការណ៍អំពីលទ្ធផលវឌ្ឍនភាពការងាររបស់ក្រុមការងារធុរកិច្ចតាមវិស័យ និងការសម្របសម្រួលសកម្មភាពរួមក្នុងការអភិវឌ្ឍវិស័យសេវាកម្មនិងវិជ្ជាជីវៈនៅក្នុងតំបន់អាស៊ាន។

 តាមរយៈការចូលរួមនេះ វ.គ.ស.ក. បន្តរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការវិជ្ជាជីវៈក្នុងតំបន់ ដើម្បីពង្រឹងសមត្ថភាពសមាជិក គាំទ្រការត្រៀមខ្លួនសម្រាប់ការរាយការណ៍ព័ត៌មានចីរភាព និងជំរុញការទទួលស្គាល់វិជ្ជាជីវៈ និងឱកាសចល័តរបស់អ្នកប្រកបវិជ្ជាជីវៈគណនេយ្យកម្ពុជាក្នុងតំបន់អាស៊ាន។