វគ្គតម្រង់ទិសស្តីពី “ការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងប្រព័ន្ធគាំទ្រអាជីពការងារ (CSS)”

កក្កដា 6, 2026

នាល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងប្រព័ន្ធគាំទ្រអាជីពការងារ (CSS)” នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងរាជធានីភ្នំពេញ។

វគ្គតម្រង់ទិសនេះ បានផ្តល់ជូននិស្សិតនូវការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងតួនាទីសំខាន់ៗរបស់កម្មវិធីនេះ ដែលជាជំហានដំបូងឆ្ពោះទៅរកការក្លាយជាគណនេយ្យករជំនាញកម្រិតខ្ពស់ (CPA) នៅប្រទេសកម្ពុជា។ លើសពីនេះ និស្សិតក៏ទទួលបាននូវការលើកទឹកចិត្តឱ្យចុះឈ្មោះចូលរួមការប្រឡង (ATQ) និងការស្វែងយល់អំពីកម្មវិធីសិក្សាលើទូរស័ព្ទដៃ (KICPAA app) ដែលជាកន្លែងផ្តល់នូវធនធានសិក្សានានា ដើម្បីគាំទ្រដល់ការសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈរបស់ពួកគេ។

បន្ថែមពីនេះ និស្សិតក៏ទទួលបានការយល់ដឹងអំពីប្រព័ន្ធគាំទ្រអាជីពការងារ (CSS) ដែលជាប្រព័ន្ធបច្ចេកវិទ្យាមួយត្រូវបានបង្កើតឡើងដោយ​ វ.គ.ស.ក. ក្នុងគោលបំណងផ្សាភ្ជាប់ទំនាក់ទំនងរវាងនិស្សិតជាសមាជិក ជាមួយបណ្តាក្រុមហ៊ុនជាសមាជិក ដើម្បីទទួលបានឱកាសចុះកម្មសិក្សា និងឱកាសការងារ។ និស្សិតត្រូវបានលើកទឹកចិត្តឱ្យបង្កើត និងបញ្ចូលប្រវត្តិរូបសង្ខេប (CV) របស់ពួកគេទៅក្នុងប្រព័ន្ធ (CSS) ដែលអនុញ្ញាតឱ្យក្រុមហ៊ុននានាអាចស្វែងរកបេក្ខជនដែលសមស្របសម្រាប់ការចុះកម្មសិក្សា និងការជ្រើសរើសបុគ្គលិកចូលបម្រើការងារ។

កម្មវិធីនេះត្រូវបានបញ្ចប់នៅម៉ោង ២០:២០ នាទីល្ងាចនាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសប្រកបដោយផ្លែផ្កា និងភាពស្និទ្ធស្នាល ដោយបានផ្តល់ជូននិស្សិតនូវការយល់ដឹងដ៏មានតម្លៃអំពីគុណវុឌ្ឍិវិជ្ជាជីវៈគណនេយ្យ និងឱកាសអភិវឌ្ឍអាជីពការងារក្នុងវិជ្ជាជីវៈគណនេយ្យ។