
សិក្ខាសាលាផ្សព្វផ្សាយស្តីពី “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា ២០២៥-២០៣៥”
នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា គ.ស.២០២៥ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា ២០២៥-២០៣៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម ដោយមានការចូលរួមពី លោកស្រី នាន បូនី អគ្គនាយករងនៃ ន.គ.ស. លោក/លោកស្រី ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្ត្រីជំនាញនៃ ន.គ.ស. សមាជិក ស្ថាប័នពាក់ព័ន្ធ សាធារណជន និងអ្នកចូលរួម សរុបចំនួន៣៥០រូប នៅសណ្ឋាគារភ្នំពេញ។ ក្នុងនោះផងដែរ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានចូលរួមវាគ្មិនកិត្តិយសក្នុងវេទិកាសំណួរនិងចម្លើយ ក្នុងសិក្ខាសាលាខាងលើផងដែរ ។ សិក្ខាសាលាត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងបានកាន់តែទូលំទូលាយ និងស៊ីជម្រៅអំពី យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា២០២៥-២០៣៥ របស់និយ័តករគណនេយ្យនិងសវនកម្ម ក៏ដូចជាផ្សព្វផ្សាយ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជាបានកាន់តែរីកចម្រើននាពេលអនាគត។
សិក្ខាសាលានេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។












