
សិក្ខាសាលាស្តីពី ’ការកសាងអនាគតកម្ពុជា៖ តួនាទីគណនេយ្យ សវនកម្ម និងពន្ធដារ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងភាពជោគជ័យក្នុងអាជីពវិជ្ជាជីវៈ”
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានរៀបចំសិក្ខាសាលាស្តីពី “ការកសាងអនាគតកម្ពុជា៖ តួនាទីគណនេយ្យ សវនកម្ម និងពន្ធដារ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងភាពជោគជ័យក្នុងអាជីពវិជ្ជាជីវៈ” ជូនដល់និស្សិតប្រមាណ ១០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងរាជធានីភ្នំពេញ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមផ្តល់មតិស្វាគមន៍បើកកម្មវិធីដោយ លោកស្រី យក់ បញ្ញាតី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងវាគ្មិនកិត្តិយស លោក ជា ធួន នាយកប្រតិបត្តិរង នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.)។
សិក្ខាសាលានេះ បានផ្តល់ជូននិស្សិតនូវការយល់ដឹងយ៉ាងទូលំទូលាយអំពីសារសំខាន់នៃវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ ឱកាសការងារច្បាស់លាស់ ការត្រៀមខ្លួនសម្រាប់យុគសម័យឌីជីថល និងប្រព័ន្ធ AI ព្រមទាំងមាគ៌ាឆ្ពោះទៅរកការទទួលបានសញ្ញាបត្រវិជ្ជាជីវៈស្តង់ដា។ ជាលទ្ធផល ចំណេះដឹងសំខាន់ៗដែលនិស្សិតទទួលបានពីសិក្ខាសាលានេះរួមមាន៖
- និស្សិតទទួលបានការយល់ដឹងស៊ីជម្រៅអំពី គណនេយ្យ សវនកម្ម និងពន្ធដារ ដែលជាគ្រឹះក្នុងការទាក់ទាញវិនិយោគិន និងរុញច្រានសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។
- ការបង្ហាញពីការវិវត្តនៃអាជីពការងារពីកម្រិតដំបូង រហូតដល់តំណែងដឹកនាំដូចជា CFO, Audit Partner ឬ Tax Adviser ដែលជួយឱ្យនិស្សិតរៀបចំខ្លួនឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារពិតប្រាកដ។
- ការយល់ដឹងពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) លើការងារគណនេយ្យ។
- ការកសាងសមត្ថភាពស្នូលសម្រាប់ទីផ្សារការងារ រួមមានជំនាញបច្ចេកទេស ជំនាញឌីជីថល ទំនាក់ទំនង ការគិតស៊ីជម្រៅ និងក្រមសីលធម៌វិជ្ជាជីវៈ។
- ការស្វែងយល់ពីវិធីសាស្ត្រក្នុងការទទួលបានសញ្ញាបត្រវិជ្ជាជីវៈស្ដង់ដាដូចជា ATQ និង CPA Cambodia ដើម្បីបង្កើនតម្លៃ និងឱកាសការងារក្នុងនិងក្រៅប្រទេស។
កម្មវិធីនេះបានបញ្ចប់នៅវេលាម៉ោង ១២ និង០០នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងការចូលរួមយ៉ាងសកម្មពីនិស្សិត។










