
ការចូលរួមរបស់ វ.គ.ស.ក. ក្នុងកម្មវិធី ISAR លើកទី៤២ និងកម្មវិធីកសាងសមត្ថភាពលើការរាយការណ៍ព័ត៌មានចីរភាព (ថ្ងៃទី១១–១៤ ខែវិច្ឆិកា ឆ្នាំ២០២៥)
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) មានកិត្តិយសសូមជម្រាបជូនថា លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានចូលរួមក្នុងកិច្ចប្រជុំ និងវេទិកាអន្តរជាតិសំខាន់ៗ ដែលបានប្រារព្ធឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
-កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥
លោកប្រធានក្រុមប្រឹក្សាភិបាលបានចូលរួមវេទិកាស្តីពី “ការកសាងសមត្ថភាព និងជំនាញសម្រាប់ការងារសវនកម្មនិងការអះអាងពាក់ព័ន្ធនឹងការរាយការណ៍ព័ត៌មានចីរភាពក្នុងវិស័យសាធារណៈ”។ កម្មវិធីនេះផ្តោតលើការពង្រឹងសមត្ថភាពក្នុងវិជ្ជាជីវៈ, ការពង្រឹងស្តង់ដាសវនកម្ម, និងការជំរុញការចូលរួមលើការងាររាយការណ៍ព័ត៌មានចីរភាពអនុលោមតាមតម្រូវការអន្តរជាតិ។
-ចាប់ពីថ្ងៃទី១២ ដល់ ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកប្រធានក្រុមប្រឹក្សាភិបាលបានចូលរួមក្នុងកិច្ចប្រជុំ ISAR លើកទី៤២ ជាមួយគណៈប្រតិភូកម្ពុជាផ្សេងទៀតដឹកនាំដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ ប្រធានបទសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
១.សុខដុមនីយកម្មនៃការរាយការណ៍ព័ត៌មានចីរភាព និងការអនុវត្តជាក់ស្តែង
២.ការគិតគូរពីសមាហរណកម្មជីវៈចម្រុះ និងមូលធនមនុស្សចូលក្នុងការរាយការណ៍ព័ត៌មានចីរភាព និង
៣.ការពន្លឿនកិច្ចសហប្រតិបត្តិការជាមួយ UNCTAD តាមរយ:យន្តការអភិវឌ្ឍន៍វិស័យគណនេយ្យ។
លទ្ធផលសំខាន់ៗពីកិច្ចប្រជុំរួមមាន៖
– ពង្រឹងកាតព្វកិច្ចរបស់កម្ពុជា ក្នុងការកែលម្អការរាយការណ៍ព័ត៌មានចីរភាពនិងការអះអាង
– ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ UNCTAD សម្រាប់ជំនួយបច្ចេកទេស
– កែលម្អការសម្របខ្លួនជាមួយស្តង់ដាអន្តរជាតិ ដើម្បីលើកកម្ពស់តម្លាភាព និងធានាគុណភាពនៃការររាយការណ៍ និង
– បង្កើនកាលានុវត្តភាព ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ដើម្បីលើកស្ទួយការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
វ.គ.ស.ក. នឹងបន្តរួមចំណែកលើកស្ទួយវិជ្ជាជីវៈគណនេយ្យ និងសវនកម្មរបស់កម្ពុជា ឱ្យឈានដល់ស្តង់ដាអន្តរជាតិប្រកបដោយប្រសិទ្ធភាព។







