កិច្ចប្រជុំលើកទី១៤០ នៃសហព័ន្ធគណនេយ្យករអាស៊ាន (AFA)

មិថុនា 1, 2025

នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា គ.ស. ២០២៥ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន និងជាម្ចាស់ផ្ទះ  វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំនូវកិច្ចប្រជុំលើកទី១៤០ នៃសហព័ន្ធគណនេយ្យករអាស៊ាន(AFA) ដោយមានការអញ្ជើញចូលរួមដោយ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក.។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៤០ ជាកិច្ចប្រជុំប្រចាំឆ្នាំនៃសហព័ន្ធគណនេយ្យករអាស៊ាន ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យបណ្ឌិត Doan Xuan Tien ប្រធានក្រុមប្រឹក្សាភិបាលនៃ AFA លោក Ardan Adiperdana អនុប្រធានក្រុមប្រឹក្សាភិបាលនៃ AFA លោក Eward Tanujaya នាយកប្រតិបត្តិនៃ AFA និងសមាជិកក្រុមប្រឹក្សាភិបាល ដើម្បីពិភាក្សាលើគន្លឹះនៃការអភិវឌ្ឍនិងយុទ្ធសាស្ត្រជាអាទិភាពសម្រាប់វិស័យគណនេយ្យនិងសវនកម្មក្នុងតំបន់អាស៊ាន។ សហព័ន្ធគណនេយ្យករអាស៊ាន(AFA) បង្កើតឡើងតាំងពីឆ្នាំ១៩៧៧ ដើម្បីអភិវឌ្ឍនិងលើកកម្ពស់វិស័យគណនេយ្យនិងសវនកម្មក្នុងតំបន់អាស៊ាន និងពង្រឹងកិច្ចសហការរវាងប្រទេសជាសមាជិកក្នុងតំបន់និងអន្តរជាតិ។ សម្រាប់យុទ្ធសាស្ត្រឆ្នាំ២០២៤ដល់២០២៧ ផ្តោតលើ៖ របាយការណ៍ចីរភាព បរិវត្តកម្មឌីជីថល ការកសាងនិងអភិវឌ្ឍសមត្ថភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្ត។