
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាបានប្រារព្វឡើងរវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
នៅព្រឹកថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា គ.ស.២០២៥ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាបានប្រារព្វឡើងរវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ស្តីពី “ការទទួលស្គាល់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាស្ថាប័នបណ្តុះបណ្តាលដៃគូនៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)” ដោយមានការអញ្ជើញចូលរួមពីលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវ.គ.ស.ក. និងអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការ ព្រមទាំងសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង ៩:០០ នាទីព្រឹក នៅបន្ទប់ប្រជុំនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់និស្សិតក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។











