
សមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់កម្ពុជា – ក្រុមប្រឹក្សានៃសហព័ន្ធគណនេយ្យករអន្តរជាតិ (IFAC) បានអនុម័តឱ្យ វ.គ.ស.ក. ក្លាយជាសមាជិកពេញសិទ្ធិ
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) មានកិត្តិយសសូមប្រកាសជាផ្លូវការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអន្តរជាតិ នៅទីក្រុងម៉ិចស៊ីកូ ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអន្តរជាតិ បានអនុម័តជាឯកច្ឆន្ទ (១០០ភាគរយ) ឱ្យវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ក្លាយជាសមាជិកពេញសិទ្ធិ របស់សហព័ន្ធគណនេយ្យករអន្តរជាតិ។
ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់ ដើម្បីជាសក្ខីភាពនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់សម្រាប់វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា និងបានថ្លែងអំណរគុណ ដល់សហព័ន្ធគណនេយ្យករអន្តរជាតិ។ ចំណែកឯ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក., លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអន្តរជាតិនេះ តាមប្រព័ន្ធអនឡាញ-Hybrid។







