ជូនចំពោះ សមាជិក ដៃគូសហការ មិត្តរួមការងារ និងប្រិយមិត្ត
ខ្ញុំបាទពិតជាមានកិត្តិយសណាស់ដែលត្រូវបានជ្រើសតាំងម្តងទៀត ជាប្រធានក្រុមប្រឹក្សាភិបាលនៃស្ថាប័នវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ក្នុងអាណត្តិទី៧ ឆ្នាំ២០២៤ ដល់ ២០២៨។ តាមរយៈការទុកចិត្តពីសមាជិក វ.គ.ស.ក. និងសមាជិកក្រុមប្រឹក្សាភិបាល ខ្ញុំជឿជាក់ថាយើងអាចអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនៅកម្ពុជាកាន់តែល្អប្រសើរ។
ឆ្នាំ២០២៥ គឺជាឆ្នាំដែលមានផលិតភាពខ្ពស់សម្រាប់ វ.គ.ស.ក. និងវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្ត្រដែលផ្តោតលើការកសាងសមត្ថភាពសមាជិក ការពង្រឹងសមត្ថភាពលេខាធិការដ្ឋាន និងការរួមចំណែកអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មឱ្យកាន់តែរឹងមាំ។ ជាសក្ខីភាព យើងបានរៀបចំសន្និសីទថ្នាក់តំបន់ចំនួន២លើក និងសហការរៀបចំវេទិកាគណនេយ្យជាតិ ដោយជោគជ័យ ទទួលបានការផ្តល់តម្លៃខ្ពស់ពីសមាជិកនិងសាធារណជន និងលើកកិត្តិយស វ.គ.ស.ក. ក្នុងតំបន់ និងឆាកអន្តរជាតិ។
សមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់ វ.គ.ស.ក. និងវិជ្ជាជីវៈគណនេយ្យកម្ពុជា
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារបស់សហព័ន្ធគណនេយ្យអន្តរជាតិ (IFAC) ដែលបានប្រារព្ធឡើងនៅទីក្រុងម៉ិកស៊ិក ក្រុមប្រឹក្សាបានអនុម័តជាឯកច្ឆន្ទ (១០០%) ឱ្យ វ.គ.ស.ក. ក្លាយជាសមាជិកពេញសិទ្ធិ។ ការចូលជាសមាជិករបស់ វ.គ.ស.ក. បានជោគជ័យ ផ្តើមពីដំណើរការដាក់ពាក្យ ការវាយតម្លៃយ៉ាងហ្មត់ចត់ដោយក្រុមប្រតិបត្តិ IFAC ក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាផ្នែកវាយតម្លៃលើស្ថិរភាពហិរញ្ញវត្ថុ អភិបាលកិច្ច សមត្ថភាព និងឧត្តមវឌ្ឍនភាព ក្នុងការអនុវត្តកាតព្វកិច្ចសមាជិកភាព។ ពាក្យស្នើសុំចូលជាសមាជិកនេះ ត្រូវបានគាំទ្រដោយ ACCA។ សមិទ្ធផលប្រវត្តិសាស្ត្រនេះ ជាសក្ខីភាពមួយសម្រាប់ វ.គ.ស.ក. ដែលបានទទួលស្គាល់នូវឧត្តមសមិទ្ធផលក្នុងរយៈពេល ២៣ ឆ្នាំកន្លងមក ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បទប្បញ្ញត្តិ វិជ្ជាជីវៈ និងគណនេយ្យករជំនាញប្រកបដោយសមត្ថភាព និងក្រមសីលធម៌។ សមាជិកភាពនេះនឹងផ្តល់ឱកាសឱ្យ វ.គ.ស.ក. និងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាសកល ការជឿទុកចិត្ត និងការចូលប្រើប្រាស់ធនធានអន្តរជាតិយ៉ាងពេញលេញ ដើម្បីពង្រឹងវិជ្ជាជីវៈគណនេយ្យកម្ពុជាឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយនៅលើឆាកពិភពលោក។
ជាមួយនឹងមោទនភាពនៃសមទ្ធិផលទាំងនេះ យើងតែងតែអរគុណនិងដឹងគុណចំពោះសមាជិកស្ថាបនិក អតីតប្រធាន អតីតអនុប្រធាន អតីតសមាជិកក្រុមប្រឹក្សា សមាជិក និងក្រុមការងារលេខាធិការដ្ឋាន សម្រាប់ការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រ ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត ការលះបង់ ការគាំទ្រ និងការរួមចំណែកក្នុងការធ្វើឱ្យ វ.គ.ស.ក. និងវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា ទទួលបានលទ្ធផលដូចសព្វថ្ងៃ។
ចក្ខុវិស័យនាពេលខាងមុខ!
ជាមួយមហិច្ឆតារបស់ប្រទេសកម្ពុជាក្នុងការប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ សំណួរដ៏សាមញ្ញសម្រាប់យើងគឺថា៖ តើវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជានឹងដើរតួនាទីដូចម្ដេចខ្លះ? តើយើងមានយុទ្ធសាស្ត្រដូចម្តេចដើម្បីសម្រេចបានមហិច្ឆតានេះ?
ពិតណាស់ វិជ្ជាជីវៈគណនេយ្យនិងសវនកម្ម មានតួនាទីសំខាន់ក្នុងការវិនិច្ឆ័យ និងការអនុវត្ត ដើម្បីកសាងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងមានស្ថិរភាពបន្ថែមទៀតជាពិសេសនៅក្នុងយុគសម័យនៃបច្ចេកវិទ្យាឌីជីថល អស្ថិរភាពនៃសកលលោក និងការកើនឡើងនូវនិន្នាការថ្មីៗ។ យើងពិតជាអាចសម្រេចនូវគោលដៅនេះបាន តាមរយៈភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមវិស័យសាធារណៈ និងឯកជន វិជ្ជាជីវៈគណនេយ្យ ភ្នាក់ងារផ្តល់ជំនួយនិងការអភិវឌ្ឍ និងផ្នែកផ្សេងៗទៀតដែលនាំឱ្យយើងអាចកសាងរចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ សម្រាប់ពង្រឹងក្រមសីលធម៌ ស្តង់ដាវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តក្នុងការធ្វើសកម្មភាពប្រកបដោយតម្លាភាព និងគណនេយ្យភាព។
ទស្សនវិស័យនាពេលអនាគតកាន់តែភ្លឺស្វាងជាមួយកាលានុវត្តភាពថ្មីៗ ប៉ុន្តែក៏មានបញ្ហាប្រឈមចម្បងផងដែរ ហើយដែលយើងត្រូវធ្វើការរួមគ្នាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវច្បាប់ដ៏ជាក់លាក់ រចនាសម្ព័ន្ធវិជ្ជាជីវៈដ៏ត្រឹមត្រូវ និងធនធានមនុស្សប្រកបដោយគុណវុឌ្ឍិនិង ក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចដោះស្រាយបញ្ហាប្រឈមនាពេលអនាគតដោយជោគជ័យដែលរួមមាន បញ្ហានៃសេដ្ឋកិច្ច បច្ចេកទេស និងបច្ចេកវិទ្យា។
ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំដែលយើងបានកសាងរួមគ្នា និងជាមួយនឹងការគាំទ្រ និងកិច្ចសហការពីសមាជិក អាជ្ញាធរគ្រប់គ្រង ដៃគូ សហព័ន្ធគណនេយ្យករអាស៊ាន និងសហព័ន្ធគណនេយ្យករអន្តរជាតិ វ.គ.ស.ក. នឹងសម្រេចបានយុទ្ធសាស្ត្ររបស់ខ្លួន ដែលគាំទ្រមហិច្ឆតារបស់កម្ពុជា ឆ្នាំ២០២៥ និងពង្រឹងវិជ្ជាជីវៈគណនេយ្យនៅក្នុងតំបន់អាស៊ាន ឱ្យស្របតាមស្តង់ដារអន្តរជាតិ និងបទពិសោធន៍នៃការអនុវត្តដ៏ល្អបំផុត។
តាងនាមឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នា សម្រាប់កិច្ចគាំទ្របន្តបន្ទាប់ ហើយខ្ញុំក៏សង្ឃឹមថានឹងអាចធ្វើការជាមួយអ្នកទាំងអស់គ្នា ដើម្បីផលប្រយោជន៍វិជ្ជាជីវៈគណនេយ្យនិងសវនកម្មក្នុងប្រទេសកម្ពុជា និងអាស៊ាន។
ឃុន ដារិទ្ធ, CPA/FCCA
ប្រធានក្រុមប្រឹក្សាភិបាល


