កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

ធ្នូ 2, 2025

នាល្ងាចថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា គ.ស. ២០២៥ នៅសាកលវិទ្យាល័យវ៉ាន់ដា សាខាខេត្តសៀមរាប លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញអំពី វិជ្ជាជីវៈគណនេយ្យនៅកម្ពុជា ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដា សាខាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាពនៃ ន.គ.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោកបណ្ឌិត ហួរ សុខសង្ហា នាយកប្រតិបត្តិសាខានៃសាកលវិទ្យាល័យវ៉ាន់ដា សាខាខេត្តសៀមរាប ។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប២៣០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យវ៉ាន់ដា សាខាខេត្តសៀមរាប ។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង៨និង៤០នាទីយប់ ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។