
កម្មវិធីសិក្ខាសាលាអនឡាញ ក្រោមប្រធានបទ “ក្របខ័ណ្ឌសម្រាប់ការទទួលយក និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិក្នុងអង្គភាព”
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី “ក្របខ័ណ្ឌសម្រាប់ការទទួលយក និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិក្នុងអង្គភាព” ប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១០:១០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។
កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក ធៀ សុផល អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ លោកបានចែករំលែកចំណេះដឹងអនុវត្តជាក់ស្តែងលើការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការ នវានុវត្តន៍ និងការផ្លាស់ប្តូរអង្គភាពប្រកបដោយចីរភាព។
អំឡុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖
- យល់ដឹងពីមូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត និងនិន្នាការចុងក្រោយដែលកំពុងជំរុញការផ្លាស់ប្តូរអង្គភាព។
- វាយតម្លៃកម្រិតត្រៀមខ្លួនរបស់អង្គភាព និងការអនុវត្តក្របខ័ណ្ឌដែលមានរចនាសម្ព័ន្ធសម្រាប់ការទទួលយក និងការអនុវត្តបញ្ញាសិប្បនិម្មិត។
- កំណត់គន្លឹះសំខាន់ៗ បញ្ហាប្រឈមនៃការអនុវត្ត និងយុទ្ធសាស្ត្រជាក់ស្តែងតាមរយៈករណីសិក្សា
- ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។
កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៣៩០ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក. ថ្នាក់ដឹកនាំអង្គភាព អ្នកគ្រប់គ្រង មន្ត្រីទទួលបន្ទុកបរិវត្តកម្មឌីជីថល បុគ្គលិកផ្នែកព័ត៌មានវិទ្យា អ្នកវិភាគទិន្នន័យ អ្នកជំនាញអាជីវកម្ម សហគ្រិន និងអ្នកដែលមានចំណាប់អារម្មណ៍លើការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងអង្គភាព។
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។
វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ធៀ សុផល ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលផ្លែផ្កា។











