កម្មវិធីសិក្ខាសាលាអនឡាញក្រោមប្រធានបទ “បច្ចុប្បន្នភាពស្តីពីបទប្បញ្ញត្តិនៃនិយ័តករគណនេយ្យនិងសវនកម្ម”

មេសា 28, 2026

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ក្រោមកិច្ចសហប្រតិបត្តិការជាមួយ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “បច្ចុប្បន្នភាពស្តីពីនីតិវិធីនៃនិយ័តករគណនេយ្យនិងសវនកម្ម” ប្រកបដោយជោគជ័យ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ តាមរយៈកម្មវិធី Zoom Meeting។​ 

កម្មវិធីសិក្ខាសាលានេះមានការអញ្ចើញចូលរួមធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនជំនាញតំណាងពី ន.គ.ស. រួមមាន៖

·      លោកស្រី តាំង ឈីវហុង អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព

·      លោកស្រី ថុន ឧសភា អនុប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម

·      លោក ស៊ុន ស៊ឹម ប្រធានការិយាល័យអាជ្ញាបណ្ណ

អំឡុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

·      វឌ្ឍនភាពនៃលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកាតព្វកិច្ចគណនេយ្យនិងសវនកម្ម

·      ការពង្រឹងការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង ដើម្បីបង្កើនតម្លាភាព។

·      នីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងម្ចាស់អាជ្ញាបណ្ណគណនេយ្យ និងសវនកម្ម។

·      ការដោះស្រាយចម្ងល់ជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៥៣៥ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., គណនេយ្យករ, សវនករ, អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងសាធារណជនដែលចង់យល់ដឹងពីច្បាប់ថ្មីៗពាក់ព័ន្ធវិស័យគណនេយ្យនិងសវនកម្ម។

កម្មវិធីសិក្ខាសាលានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់បច្ចុប្បន្នភាពចុងក្រោយបំផុត ដើម្បីពង្រឹងការយល់ដឹងអំពីបទប្បញ្ញត្តិ និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនជំនាញតំណាងពី ន.គ.ស. ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។