កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “គណនេយ្យកោសល្យវិច័យ និងបច្ចេកទេសបង្ការការក្លែងបន្លំ”

មិថុនា 17, 2026

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “គណនេយ្យកោសល្យវិច័យ និងបច្ចេកទេសបង្ការការក្លែងបន្លំ” ប្រកបដោយជោគជ័យ កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ តាមរយៈកម្មវិធី Zoom Meeting។​

 

កម្មវិធីសិក្ខាសាលាអនឡាញនេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក  Dawin Tang ប្រធាន នៃភីខេអេហ្វម៉ាឡេស៊ី ដែលលោកបានចែករំលែកនូវចំណេះដឹងដ៏មានតម្លៃពាក់ព័ន្ធនឹងការអនុវត្តគណនេយ្យកោសល្យវិច័យ និងបច្ចេកទេសបង្ការការក្លែងបន្លំដោយផ្តោតសំខាន់លើរបៀបដែលស្ថាប័នអាចស៊ើបអង្កេត និងទប់ស្កាត់សកម្មភាពមិនប្រក្រតី តាមរយៈការវិភាគហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងយន្តការត្រួតពិនិត្យផ្ទៃក្នុង។

អំឡុងកម្មវិធីសិក្ខាសាលាអនឡាញនេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

·      ការយល់ដឹងកាន់តែច្បាស់អំពីមូលដ្ឋានគ្រឹះនៃគណនេយ្យកោសល្យវិច័យ និងសវនកម្មកោសល្យវិច័យ

·      ការយល់ដឹងអំពីធម្មជាតិ និងប្រភេទនៃការក្លែងបន្លំព្រមទាំងក្របខណ្ឌត្រីកោណនៃការក្លែងបន្លំ(Fraud Triangle)

·      ការស្វែងយល់ពីដំណើរការ និងបច្ចេកទេសនៃការស៊ើបអង្កេតការក្លែងបន្លំ

·      ការអនុវត្តវិធានការជាក់ស្តែងក្នុងការបង្ការ និងការស្វែងរកការក្លែងបន្លំនៅក្នុងស្ថាប័ន

·      ការយល់ដឹងអំពីតួនាទីរបស់គណនេយ្យករកោសល្យវិច័យក្នុងការបង្រឹងការត្រួតពិនិត្យផ្ទៃក្នុង

·      ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែង តាមរយៈវគ្គសំណួរ និងចម្លើយ

កម្មវិធីសិក្ខាសាលាអនឡាញនេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៥២៤ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., គណនេយ្យករ, សវនករ, អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងបុគ្គលិកដែលពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអនុលោមភាពតាមបទប្បញ្ញត្តិ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Dawin Tang ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលាអនឡាញនេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។