
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការចែករំលែកបទពិសោធន៍ ស្តីពីបញ្ហាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម”
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុន អេហ្វអាយអាយ &អឹសូស៊ីអេត បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី “ការចែករំលែកបទពិសោធន៍ ស្តីពីបញ្ហាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម” ប្រកបដោយជោគជ័យ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ តាមរយៈកម្មវិធី Zoom Meeting។
កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោកស្រី ស៊ុន គីមហ៊ីន នាយិកា សេវាកម្មគណនេយ្យនៃ អេហ្វអាយអាយ &អឹសូស៊ីអេត ដែលលោកស្រីបានចែករំលែកចំណេះដឹងលើ៖
· សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ
· បញ្ហាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម
· អនុលោមភាពគណនេយ្យជាមួយអាជ្ញាធរមានសមត្ថកិច្ច
· ទោសទណ្ឌអំពីការបំពានបទប្បញ្ញត្តិ
កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៥២៤ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក. អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ អ្នកគ្រប់គ្រងផ្នែកគណនេយ្យករ គណនេយ្យករ និងបុគ្គលិកផ្នែកគណនេយ្យ មន្ត្រីហិរញ្ញវត្ថុ និងបុគ្គលិកផ្នែកហិរញ្ញវត្ថុ សវនករផ្ទៃក្នុង អ្នកជំនាញផ្នែកពន្ធដារ និងការអនុលោមភាព ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងអ្នកគ្រប់គ្រងអាជីវកម្ម និងបុគ្គលដែលមានតួនាទីទទួលខុសត្រូវក្នុងការរៀបចំ ឬពិនិត្យនូវរបាយការណ៍ហិរញ្ញវត្ថុ
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យនិងសវនកម្ម តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីនៃប្រព័ន្ធឌីជីថល។
វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ស៊ុន គីមហ៊ីន ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។











