កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពគណនេយ្យឌីជីថល៖ ឧបករណ៍គន្លឹះសម្រាប់អនុលោមភាពពន្ធដារ និងពង្រីកអាជីវកម្ម”  

កញ្ញា 9, 2026

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ការពង្រឹងសមត្ថភាពគណនេយ្យឌីជីថល៖ ឧបករណ៍គន្លឹះសម្រាប់អនុលោមភាពពន្ធដារ និងពង្រីកអាជីវកម្ម” ប្រកបដោយជោគជ័យ កាលពីថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹកតាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។​

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោកស្រី ភោគ ផណ្ណា ប្រធានគ្រប់គ្រងផ្នែកដៃគូសហការនៃក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក ដែលលោកស្រី បានចែករំលែកចំណេះដឹងលើ៖

  • របៀបដែលឧបករណ៍គណនេយ្យឌីជីថលអាចធ្វើស្វ័យប្រវត្តិកម្មលើការអនុលោមតាមច្បាប់ពន្ធដារ និងបង្កើនភាពត្រឹមត្រូវនៃការរាយការណ៍។
  • វិធីសាស្ត្រអនុវត្តជាក់ស្តែងក្នុងការផ្លាស់ប្តូរទិន្នន័យគណនេយ្យទៅជាព័ត៌មានយល់ដឹងអំពីអាជីវកម្មសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ។
  • ការណែនាំដែលអាចអនុវត្តបានក្នុងការកសាងសមត្ថភាពឌីជីថល និងការជ្រើសរើសបច្ចេកវិទ្យាត្រឹមត្រូវសម្រាប់អង្គភាពរបស់លោកអ្នក។
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤៥៦ នាក់ រួមមានសមាជិក វ.គ.ស.ក. នាយកគ្រប់គ្រងផ្នែកគណនេយ្យ គណនេយ្យករជាន់ខ្ពស់ គណនេយ្យករ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មដែលមានបំណងចង់ធ្វើទំនើបកម្មលើដំណើរការគណនេយ្យរបស់ខ្លួន។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ភោគ ផណ្ណា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។