កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ISQM 1 and ISQM 2 Concepts in SOQM Preparation and ISA 220”

តុលា 9, 2026

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) បានរៀបចំសិក្ខាសាលាស្តីពី​ “ISQM 1 and ISQM 2 Concepts in SOQM Preparation and ISA 220” ប្រកបដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ និងសុក្រ ទី៨-៩ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច នៅសណ្ឋាគារ សាន់ & មូន រីវើសាយ។

សិក្ខាសាលានេះមានការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស លោក Cesar Faustino R. Ravalo Jr, CPA, CDPPA, CRA Managing Partner នៃក្រុមហ៊ុន PR Ramoso & Co., CPAs ដែលលោកបានចែករំលែកនូវចំណេះដឹងលើការវាយតម្លៃហានិភ័យ ការរៀបចំហានិភ័យជាប្រព័ន្ធម៉ាទ្រិច ការតានដាន និងសម្រួល ព្រមទាំងការបង្កើតគោលនយោបាយ និងឯកសារសម្រាប់ប្រព័ន្ធនៃការគ្រប់គ្រងគុណភាព។

អំឡុងពេលសិក្ខាសាលាអ្នកចូលរួមបានទទួលចំណេះដឹងដូចជា៖

  • យល់ដឹងពីមូលហេតុនៃការផ្លាស់ប្តូរពីស្តង់ដាអន្តរជាតិស្តីពីការត្រួតពិនិត្យគុណភាព ១ ទៅស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ១
  • យល់ដឹងអំពីគោលបំណងនិងធាតុផ្សំនៃស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ១
  • អនុវត្តដំណើរការវាយតម្លៃហានិភ័យ និងរៀបចំហានិភ័យជាប្រព័ន្ធម៉ាទ្រិច
  • ពង្រឹងការអនុវត្តលើដំណើរការតាមដាន និងសម្រួល
  • រៀបចំប្រព័ន្ធនៃការគ្រប់គ្រងគុណភាព និងគោលនយោបាយសម្រាប់ធាតុផ្សំនីមួយៗ
  • យល់ដឹងអំពីទំនាក់ទំនងរវាងស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ១ និង ស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ២ និងការផ្លាស់ប្តូរដែលបានណែនាំក្នុងស្តង់ដាសវនកម្ម ២២០ (កែសម្រួល)។
  • ការដោះស្រាយបញ្ហាប្រឈមផ្សេងៗ តាមរយៈវគ្គសំណួរ និងចម្លើយ។​

 សិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤១ នាក់ រួមមានសមាជិក នៃ វ.គ.ស.ក. នាយកគ្រប់គ្រង នាយកប្រតិបត្តិជាន់ខ្ពស់ បុគ្គលិកជាន់ខ្ពស់ និងអ្នកជំនាញផ្នែកសវនកម្ម និងការធានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព និងការអនុវត្តការងារសវនកម្ម។​​

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Cesar Faustino R. Ravalo Jr, CPA, CDPPA, CRA ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។