
កិច្ចប្រជុំ និងសកម្មភាពថ្នាក់តំបន់៖ ទស្សនកិច្ចសិក្សាស្ថាប័នឈានមុខ ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី (ISCA) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន លើកទី ១៤២ នាថ្ងៃទី៧ និងទី៨ ខែឧសភា គ.ស.២០២៦ នៅប្រទេសសិង្ហបុរី
នាថ្ងៃទី៧ ខែឧសភា គ.ស.២០២៦ នៅប្រទេសសិង្ហបុរី គណៈប្រតិភូនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. តំណាងប្រទេសកម្ពុជា អមដោយ លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃ វ.គ.ស.ក. បានចូលរួមទស្សនកិច្ចសិក្សានៅស្ថាប័នឈានមុខ រួមជាមួយតំណាងនៃបណ្តាប្រទេសសមាជិក AFA នៅ ISCA House ដើម្បីស្វែងយល់ពីគំនិតផ្តួចផ្តើមថ្មីៗលើផ្នែក ISQM និងបច្ចេកវិទ្យា AI។ បន្ទាប់មក គណៈប្រតិភូបានបន្តដំណើរទៅកាន់ធនាគារ DBS ដើម្បីសិក្សាពីដំណើរផ្លាស់ប្តូរឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងវិស័យហិរញ្ញវត្ថុ។
នាថ្ងៃដដែល ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងវិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី (ISCA) ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័នទាំងពីររយៈពេល៥ឆ្នាំ និងបង្កើតមាគ៌ាឆ្ពោះទៅរកការទទួលស្គាល់សមាជិកភាពទៅវិញទៅមក ដែលនឹងផ្តល់ឱកាសកាន់តែទូលំទូលាយដល់សមាជិកនៃវិទ្យាស្ថានទាំងសងខាង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យទាំងនៅកម្ពុជា និងសិង្ហបុរី។ នាពេលល្ងាច គណៈប្រតិភូនៃ វ.គ.ស.ក. បានចូលរួមកម្មវិធីពិសាអាហារពេលល្ងាច ដែលត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅនៅ ISCA House រួមជាមួយបណ្តាអង្គភាពសមាជិកទាំងអស់ ដើម្បីជានិមិត្តរូបនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង។
ក្រៅពីនេះ នាថ្ងៃទី៨ ខែឧសភា គ.ស.២០២៦ គណៈប្រតិភូនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ានលើកទី ១៤២ ដែលរៀបចំដោយវិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពសមាជិកមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សា និងអនុម័តលើចំណុចសំខាន់ៗដូចជា៖
១. ការរាយការណ៍ និងអនុម័តលើការងារនៃកិច្ចប្រជុំលើកទី ១៤១ កន្លងទៅ
២. ពិភាក្សា និងធ្វើបច្ចុប្បន្នភាពលើផែនការយុទ្ធសាស្ត្ររបស់ AFA
៣. ការចែករំលែកបទពិសោធន៍លើបច្ចុប្បន្នភាពនៃវិជ្ជាជីវៈគណនេយ្យសកលពីតំណាង IFAC និងការ ពិភាក្សាលើនិរន្តរភាពដោយក្រុមការងារ ACPACC និង
៤. ការត្រៀមលក្ខណៈសម្រាប់មហាសន្និបាតគណនេយ្យករពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំលើកទី ១៤៣ បន្ទាប់។
ការចូលរួមរបស់ វ.គ.ស.ក. ក្នុងកិច្ចប្រជុំ និងសកម្មភាពថ្នាក់តំបន់លើកនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ វ.គ.ស.ក. ក្នុងការពង្រឹងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័នវិជ្ជាជីវៈក្នុងតំបន់អាស៊ាន និងអន្តរជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរចំណេះដឹងវិជ្ជាជីវៈប្រកបដោយនិរន្តរភាព។




