
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន លើកទី៣០
នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ ២០២៦ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងកញ្ញា កឹង កែវពិសី ប្រធានផ្នែកសមាជិកភាព និងទំនាក់ទំនង នៃ វ.គ.ស.ក. បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន លើកទី៣០ តាមប្រព័ន្ធអនឡាញ និងដោយមានការអញ្ជើញចូលរួមពីលោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) តំណាងប្រទេសកម្ពុជា អមដោយមន្ត្រីជំនាញនៃ ន.គ.ស. រួមជាមួយតំណាងប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀតដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដែល ប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះរៀបចំ។
កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃការអនុវត្តសកម្មភាពសំខាន់ៗរបស់ ASEAN CPA រួមមាន ការអភិវឌ្ឍ និងអនុវត្តវិញ្ញាបនបត្រ ASEAN CPA បែបឌីជីថល (ASEAN CPA -Certificate) ការធ្វើបច្ចុប្បន្នភាពគេហទំព័រ ASEAN CPA និង Sustainability Knowledge Hub ការលើកកម្ពស់ភាពចល័តរបស់គណនេយ្យករជំនាញក្នុងតំបន់អាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការលើការរាយការណ៍និរន្តរភាព (Sustainability Reporting) និងរាយការណ៍អំពីលទ្ធផលវឌ្ឍនភាពការងាររបស់ក្រុមការងារធុរកិច្ចតាមវិស័យ (BSSWG)។
តាមរយៈកិច្ចប្រជុំនេះ កម្ពុជាបានបន្តបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើវិស័យគណនេយ្យ (ASEAN MRA on Accountancy) និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិជ្ជាជីវៈគណនេយ្យនៅកម្រិតតំបន់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានប្រកបដោយចីរភាព។
វ.គ.ស.ក. នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ និងដៃគូអាស៊ាន ដើម្បីលើកកម្ពស់គុណភាពវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ព្រមទាំងពង្រីកឱកាសសម្រាប់សមាជិកក្នុងការចូលរួមនៅក្នុងទីផ្សារការងារអាស៊ាន។






