
ការប្រគល់ជូនមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក តាមរយ: សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ- (TYDA)
ក្នុងស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសារណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រគល់ជំនួយដោយផ្ទាល់ដល់សមរភូមិជួរមុខ — នៅព្រឹកថ្ងៃ ពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា គ.ស.២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) ដឹកនាំដោយ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងផ្តល់កិត្តិយសចូលរួមប្រគល់ដោយ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រគល់ជូននូវមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក ដែលទទួលបានពី វ.គ.ស.ក. សមាជិក និងសាធារណជន ទាំងអស់ តាមរយ:សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA ) ក្នុងការគាំទ្រកិច្ចការសង្គ្រោះដល់វីរកងទ័ព និងប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។
មូលនិធិសប្បុរសធម៌ មានសរុបជាទឹកប្រាក់ចំនួន ៤៤,៣៥០,០០០ រៀល ដែលក្នុងនោះ វ.គ.ស.ក. បានរៀបចំជាស្បៀងអាហារ ថ្នាំសង្កូវ និងកញ្ចប់ឧបត្ថម្ភថវិការួមមាន៖
១. សាច់ក្រក ចំនួន ៥០គីឡូ, ត្រីងៀត ចំនួន៥០គីឡូ និងត្រីប្រា ចំនួន៥០គីឡូ
២. ថ្នាំ Doliprane ចំនួន ១០០ ប្រអប់ និង ថ្នាំ Beroca ចំនួន ១០០ ប្រអប់
៣. និងកញ្ចប់ឧបត្ថម្ភថវិកាសរុបចំនួន ៣៥,០០០,០០០ រៀល។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនជនរួមជាតិខ្មែរ សមាជិកនៃ វ.គ.ស.ក. និងសាធារណជនទាំងអស់ដែលបានចូលរួមបរិច្ចាគ តាមរយៈ វ.គ.ស.ក. និងសូមគោរពជូនពរដល់សប្បុរសជនទាំងអស់ ជួបតែសេចក្តីសុខចម្រើន ជ័យមង្គល និងវិបុលសុខ និងសូមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំសង្ឃឹមថា មូលនិធិសប្បុរសធម៌នេះនឹងជួយសម្រួលដល់បងប្អូនជាវីរកងទ័ព និងជនភៀសសឹកបាន មួយរយៈផងដែរ។
យើងខ្ញុំជាប្រជាជនកម្ពុជា ស្រឡាញ់សន្តិភាព និងសូមគាំទ្រដល់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។




