
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការត្រៀមសម្រាប់ការអនុវត្តស្តង់ដា CIFRS 18 ស្តីពីការបង្ហាញ និងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ”
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុនប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា) បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ(Webinar) ស្តីពី “ការត្រៀមសម្រាប់ការអនុវត្តស្តង់ដា CIFRS 18 ស្តីពីការបង្ហាញ និងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ” ប្រកបដោយជោគជ័យ កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:០០ នាទីព្រឹក តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។
កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹងពីវាគ្មិនកិត្តិយសដោយ លោក ដួង ចំរើន និង លោក ជា ហុងឆាយ លើ៖
- ការផ្លាស់ប្តូរសំខាន់ៗដែលត្រូវបានណែនាំដោយស្តង់ដា CIFRS 18 ប្រៀបធៀបនឹង CIAS 1
- អំពីរចនាសម្ព័ន្ធថ្មី និងតម្រូវការនៃការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ
- អំពីតម្រូវការនៃការលាតត្រដាងព័ត៌មាន រួមទាំងរង្វាស់សមិទ្ធកម្មកំណត់ដោយការគ្រប់គ្រង
- អំពីតម្រូវការនៃការអនុវត្តលើកដំបូង
- ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។
កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៦៧៦ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក. គណនេយ្យករ សវនករ ប្រធានផ្នែកហិរញ្ញវត្ថុ អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។
វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ដួង ចំរើន និង លោក ជា ហុងឆាយដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។








