
វេទិកាជាតិគណនេយ្យឆ្នាំ២០២៥ក្រោមប្រធានបទ “សុខដុមនីយកម្មបទប្បញ្ញត្តិ៖ ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល”
នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា គ.ស.២០២៥ និយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) សហការជាមួយ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) និង ACCA Cambodia បានរៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៥ក្រោមប្រធានបទ “សុខដុមនីយកម្មបទប្បញ្ញត្តិ៖ ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ វេទិកានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិការដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. និងផ្តល់សុន្ទរកថាស្វាគមន៍ដោយ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សា អ.ស.ហ. អមដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។
វេទិកានេះផ្តោតជាសំខាន់ទៅលើ៖
– ការពិភាក្សាពីវឌ្ឍនភាពជាតិ
– បង្កើតចក្ខុវិស័យយុទ្ធសាស្ត្ររួមដំណើរទៅមុខសម្រាប់វិស័យគណនេយ្យ និងសវនកម្ម
– បង្ហាញពីសក្តានុពលរបស់ស្តង់ដាចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល ក្នុងការចូលរួមជំរុញការរីកចម្រើនក្នុងវិស័យហិរញ្ញវត្ថុ
– ឱកាស បញ្ហាប្រឈម និងចំណេះដឹងដែលទទួលបាន ពីការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs) និងក្របខណ្ឌកាត់បន្ថយការរាយការណ៍ហិរញ្ញវត្ថុកម្ពុជា (CRFRF)
– រក្សាស្ថេរភាពហិរញ្ញវត្ថុ ដែលជាគោលការណ៍ស្នូលនៃគោលនយោបាយអភិវឌ្ឍន៍ FinTech នៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ វ.គ.ស.ក. មានការចូលរួមដោយ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងលេខាធិការដ្ឋាន វ.គ.ស.ក. ។


















