កម្មវិធីសិក្ខាសាលាអនឡាញក្រោមប្រធានបទ “បច្ចុប្បន្នភាពទីផ្សារមូលបត្រកម្ពុជា”

មិថុនា 5, 2026

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ក្រោមកិច្ចសហប្រតិបត្តិការជាមួយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “បច្ចុប្បន្នភាពទីផ្សារមូលបត្រកម្ពុជា” ប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ព្រឹកដល់ម៉ោង ១០:៣០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​

 

កម្មវិធីសិក្ខាសាលានេះមានការអញ្ចើញចូលរួមធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោកស្រី ស៊ន់ សូនីតា អនុប្រធានការិយាល័យ នៃ ន.ម.ក។ លោកស្រីបានចែករំលែកនូវចំណេះដឹងសំខាន់ៗដូចជា៖

·      យល់ដឹងអំពីបច្ចុប្បន្នភាពនៃស្ថានភាពទីផ្សារមូលបត្រកម្ពុជា

·      ស្វែងយល់អំពីប្រភេទផលិតផលហិរញ្ញវត្ថុចម្រុះ និងនិន្នាការថ្មីៗនៃទីផ្សារមូលបត្រកម្ពុជា

·      យល់ដឹងពីតួនាទីសំខាន់នៃទីផ្សារមូលបត្រក្នុងការកៀរគរទុននិងជំរុញកំណើនសេដ្ឋកិច្ចជាតិ

·      ការដោះស្រាយចម្ងល់ជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ១៩៨​ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., អ្នកវិនិយោគសាធារណៈ, អ្នកជំនាញហិរញ្ញវត្ថុ និងគណនេយ្យ, សហគ្រាសធុនតូច និងមធ្យម, សិស្សនិស្សិត និងអ្នកដែលមានចំណាប់អារម្មណ៍លើទីផ្សារមូលបត្រ។

កម្មវិធីសិក្ខាសាលានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់បច្ចុប្បន្នភាពចុងក្រោយបំផុត ដើម្បីពង្រឹងការយល់ដឹងអំពីបទប្បញ្ញត្តិ និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា។

 

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយស លោកស្រី ស៊ន់ សូនីតា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលលទ្ធផលបានយ៉ាងផ្លែផ្កា។