
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម”
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) បានរៀបចំសិក្ខាសាលាស្តីពី “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម” ប្រកបដោយជោគជ័យ កាលពីថ្ងៃអង្គារ និងពុធ ទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។
សិក្ខាសាលានេះមានការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស លោក នៅ រ៉េមី នាយកប្រតិបត្តិ នៃក្រុមហ៊ុន នៅ អឌីត អេន អ៊ែតវ៉ាយហ្សឺរី ឯ.ក ដែលលោកបានចែករំលែកនូវចំណេះដឹង និងការណែនាំបច្ចេកទេស ករណីសិក្សា ការពិភាក្សាជាក្រុម ដែលជាការគាំទ្រដល់ការអនុវត្តការងារសវនកម្មប្រកបដោយប្រសិទ្ធភាព។
អំឡុងពេលសិក្ខាសាលាអ្នកចូលរួមបានទទួលចំណេះដឹងដូចជា៖
- សេចក្តីផ្តើមស្តីពីសៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម
- ស្តង់ដារសវនកម្ម និងការអនុលោម
- ដំណើរការសវនកម្ម (ការធ្វើផែនការ ការអនុវត្តការងារ ការបញ្ចប់សវនកម្ម និងការរាយការណ៍)
- ការគ្រប់គ្រងឯកសារ និងឯកសារការងារសវនកម្ម
- ការគ្រប់គ្រងគុណភាពសវនកម្ម និងការត្រួតពិនិត្យផ្ទៃក្នុង
- ករណីសិក្សា
- ការដោះស្រាយបញ្ហាប្រឈមផ្សេងៗ តាមរយៈវគ្គសំណួរ និងចម្លើយ
សិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤៦ នាក់ រួមមានសមាជិក នៃ វ.គ.ស.ក. បុគ្គលិកផ្នែកសវនកម្ម បុគ្គលិកផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ សវនករផ្ទៃក្នុង អ្នកជំនាញដែលពាក់ព័ន្ធនឹងសវនកម្មហិរញ្ញវត្ថុ និងបុគ្គលពាក់ព័ន្ធដែលបានចាប់អារម្មណ៍។
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។
វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក នៅ រ៉េមី ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។














