ទស្សនវិស័យអាជីពការងារក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ

កញ្ញា 11, 2026

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានសហការជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀបចំសិក្ខាសាលាស្តីពី “ទស្សនវិស័យអាជីពការងារក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ” ជូនដល់និស្សិតប្រមាណ ២០០នាក់ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងរាជធានីភ្នំពេញ។​ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងលោក ស៊ុន ​សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រមទាំងតំណាងនៃ​ វ.គ.ស.ក. វាគ្មិនកិត្តិយស គណៈគ្រប់គ្រង និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ។ កម្មវិធីនេះមានគោលបំណងផ្តល់ចំណេះដឹង និងការយល់ដឹងដល់និស្សិតអំពីឱកាសការងារ និងសារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ។

សិក្ខាសាលានេះ បានផ្តល់ឪ្យនិស្សិតនូវការណែនាំ និងការចែករំលែកចំណេះដឹងអំពីទស្សនវិស័យអាជីពការងារ និងឱកាសការងារក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ​ និងលើកទឹកចិត្តឱ្យនិស្សិតរៀបចំផែនការសិក្សា និងអាជីពការងាររបស់ខ្លួនឱ្យបានច្បាស់លាស់ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពឱ្យស្របតាមតម្រូវការទីផ្សារការងារដែលកំពុងមានការវិវត្ត។ បន្ទាប់មក កម្មវិធីក៏បានរៀបចំវេទិកាពិភាក្សា និងសំណួរ-ចម្លើយក្រោមប្រធានបទ “អាជីពការងារក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ” ដោយមានការចូលរួមពីវាគ្មិនជំនាញគឺលោក ហេង គិតសុផល អគ្គនាយកនៃក្រុមហ៊ុន អ៊ែតវ៉ាន់ស៍ ហ្គ្រែន ហ្វ័រម៉ូឡា ឯ.ក និងលោកស្រី ហ្វុង វឌ្ឍនា ស្ថាបនិកនៃ​ក្រុមហ៊ុន វីអេសឌី អឌីត អេនសួរ៉ិនស៍ ឯ.ក អំពីបទពិសោធការងារ ជំនាញដែលនិយោជកត្រូវការនិងការត្រៀមខ្លួនដើម្បីទទួលបានភាពជោគជ័យក្នុងអាជីពការងារ។

ជាលទ្ធផល ចំណេះដឹងសំខាន់ៗដែលនិស្សិតទទួលបានពីសិក្ខាសាលានេះរួមមាន៖

  • ការយល់ដឹងពីតម្លៃ និងទីផ្សារការងារ៖ ជំនាញគណនេយ្យ សវនកម្ម និងពន្ធដារ ផ្តល់នូវឱកាសការងារទូលំទូលាយ និងប្រាក់បៀវត្សខ្ពស់។ ជំនាញទាំងនេះជាបេះដូងនៃអាជីវកម្ម ក្នុងការធានាអនុលោមភាពតាមច្បាប់ និងជួយដល់ការធ្វើសេចក្តីសម្រេចចិត្តលើការប្រើប្រាស់ធនធានប្រកប ដោយប្រសិទ្ធភាព។
  • តួនាទី៖ និស្សិតបានយល់ដឹងពីភាពខុសគ្នារវាងតួនាទីជា គណនេយ្យករ និងសវនករ
  • សារៈសំខាន់នៃការចុះកម្មសិក្សា៖ ការចុះកម្មសិក្សាគឺជាស្ពានយ៉ាងសំខាន់ក្នុងការផ្តល់បទពិសោធមូលដ្ឋានគ្រឹះជាក់ស្តែង ការសិក្សា និងការអនុវត្តផ្ទាល់លើឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ដែលកំពុងជឿនលឿនឥតឈប់ឈរ
  • បទពិសោធនិងគន្លឹះជោគជ័យ៖ និស្សិតទទួលបាននូវទស្សនទានល្អៗក្នុងការអភិវឌ្ឍខ្លួន រួមមាន ការស្គាល់ខ្លួនឯងឱ្យច្បាស់ ការបើកចិត្តរៀនសូត្រអ្វីថ្មីៗ ការអភិវឌ្ឍសមត្ថភាពជាប្រចាំដូចជាការប្រឡងយកវិញ្ញាបនបត្រ ATQ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែងពេលបញ្ចប់ការសិក្សា និងការមានផែនការជីវិតច្បាស់លាស់។

កម្មវិធីនេះបានបញ្ចប់នៅវេលាម៉ោង​ ១១ និង​០៥នាទីព្រឹក នៅថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងការចូលរួមយ៉ាងសកម្មពីនិស្សិត ដោយបានផ្តល់នូវចំណេះដឹង និងទស្សនវិស័យដ៏មានតម្លៃសម្រាប់ការរៀបចំផែនការអាជីព និងការអភិវឌ្ឍខ្លួនរបស់និស្សិតនាពេលអនាគត។