
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម និងឧបករណ៍ហិរញ្ញវត្ថុ”
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពី ក្រុមហ៊ុនភីខេអេហ្វ ខូវេណិនថ៍ ឯ.ក បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី “ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម និងឧបករណ៍ហិរញ្ញវត្ថុ” ប្រកបដោយជោគជ័យ កាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ តាមរយៈកម្មវិធី Zoom Meeting។
កម្មវិធីសិក្ខាសាលាអនឡាញនេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិន លោកស្រី Marilyn Ngu ប្រធានផ្នែកសវនកម្មនៃភីខេអេហ្វ ខូវេណិនថ៍ ឯ.ក និង កញ្ញា Puvaneswary Naidu Nyahnan ប្រធានផ្នែកសវនកម្មនៃភីខេអេហ្វ ម៉ាឡេស៊ី និងចែករំលែកការយល់ដឹងជាក់ស្តែងអំពីការអនុវត្តស្តង់ដារគណនេយ្យអន្តរជាតិ(IAS) ៣៦ ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (IFRS) ៩ ការខាតបង់ឥណទានរំពឹងទុក។
អំឡុងកម្មវិធីសិក្ខាសាលាអនឡាញនេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖
· យល់ដឹងលើគោលការណ៍សំខាន់ៗ និងការអនុវត្តជាក់ស្តែងនៃស្តង់ដារគណនេយ្យអន្តរជាតិ (IAS) ៣៦ ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម។
· យល់ដឹងពីស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (IFRS) ៩ ការខាតបង់ឥណទានរំពឹងទុក រួមទាំងតម្រូវការវាស់វែង និងការទទួលស្គាល់។
· សិក្សាអំពីឧទាហរណ៍ជាក់ស្តែង ករណីសិក្សា និងសេណារីយ៉ូទូទៅ។
· ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែង តាមរយៈវគ្គសំណួរ និងចម្លើយ។
កម្មវិធីសិក្ខាសាលាអនឡាញនេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៥០០ នាក់ រួមមានសមាជិក វ.គ.ស.ក. អ្នកគ្រប់គ្រងហិរញ្ញវត្ថុ គណនេយ្យករ និងអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ សវនករ នាយកផ្នែកហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ អ្នកជំនាញរាយការណ៍ផ្នែកហិរញ្ញវត្ថុ និងអ្នកដែលចាប់អារម្មណ៍លើប្រធានបទនេះ។
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។
វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី Marilyn Ngu និង កញ្ញា Puvaneswary Naidu Nyahnan ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលាអនឡាញនេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។
















