ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ប្រព័ន្ធគណនេយ្យឌីជីថល ការកសាងសមត្ថភាព និងការអភិវឌ្ឍវិជ្ជាជីវៈ”

កក្កដា 17, 2026

នាព្រឹកថ្ងៃព្រហស្បតិ៍ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) មានសេចក្តីសោមនស្សរីករាយក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើ ការជំរុញការប្រើប្រាស់ប្រព័ន្ធគណនេយ្យឌីជីថល ការកសាងសមត្ថភាព និងការអភិវឌ្ឍវិជ្ជាជីវៈ គាំទ្រដល់ការធ្វើបរិវត្តន៍កម្មឌីជីថល និងការធ្វើទំនើបកម្មនៃវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខារវាង៖

  • លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវ.គ.ស.ក.
  • លោក ទុយ ហុង នាយកគ្រប់គ្រងនៃក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក

កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកគណនេយ្យឌីជីថល ការអនុវត្តប្រព័ន្ធគណនេយ្យជាក់ស្តែង ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការចែករំលែកចំណេះដឹង ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល។

ក្រោមភាពជាដៃគូនេះ ភាគីទាំងពីរនឹងសហការលើ៖

  • ការរៀបចំសិក្ខាសាលា សិក្ខាសាលាតាមប្រព័ន្ធអនឡាញ និងសកម្មភាពចែករំលែកចំណេះដឹង ស្តីពីប្រព័ន្ធគណនេយ្យឌីជីថល បច្ចេកវិទ្យាគណនេយ្យ ការធ្វើបរិវត្តន៍កម្មឌីជីថល និងការអភិវឌ្ឍវិជ្ជាជីវៈ។
  • ការរៀបចំកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលា ស្តីពីការធ្វើឌីជីថលូបនីយកម្មគណនេយ្យ និងដំណោះស្រាយអាជីវកម្មជាក់ស្តែង។
  • គំនិតផ្តួចផ្តើមស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នា ពាក់ព័ន្ធនឹងការត្រៀមខ្លួនផ្នែកឌីជីថល និងអនាគតនៃវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក និងទន្ទឹងរង់ចាំការពង្រឹងភាពជាដៃគូរយៈពេលវែង ដើម្បីរួមចំណែកលើកកម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្មរបស់កម្ពុជាឱ្យកាន់តែរីកចម្រើនក្នុងយុគសម័យឌីជីថល។