កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “Discover What’s New in QuickBooks Online and Compliance Solutions”

ឧសភា 6, 2026

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុន ខាស-ប៊ីហ្ស ថេកណឡជី បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី “Discover What’s New in QuickBooks Online and Compliance Solutions”  ប្រកបដោយជោគជ័យ កាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១១:០០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​ 

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោកស្រី សាត សុខុន Assistant Vice President នៃក្រុមហ៊ុន ខាស-ប៊ីហ្ស ថេកណឡជី ដែលលោកស្រីបានចែករំលែកចំណេះដឹងលើ៖

·      បច្ចុប្បន្នភាពនៃ QuickBooks Online ដើម្បីបង្កើនប្រសិទ្ធភាពការងារគណនេយ្យ

·      ដំណោះស្រាយអនុលោមភាព ដើម្បីគាំទ្រតម្រូវការពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ

·      ការអនុវត្តជាក់ស្តែងក្នុងការកែលម្អរបាយការណ៍ហិរញ្ញវត្ថុ និងការគ្រប់គ្រងសន្និធិ​

·      បម្រែបម្រួលក្នុងវិស័យគណនេយ្យ និងការបង្កើនប្រសិទ្ធភាពអាជីវកម្ម

 កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៣០៨ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក.,គណនេយ្យករ ហិរញ្ញវត្ថុ អ្នកប្រើប្រាស់ QuickBooks និងម្ចាស់អាជីវកម្ម ដែលមានបំណងពង្រឹងសមត្ថភាពឌីជីថល និងអនុលោមភាពក្នុងការងារ។

 កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យនិងសវនកម្ម តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីនៃប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី សាត សុខុន ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។