
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “របាយការណ៍ចីរភាព”
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ក្រោមកិច្ចសហប្រតិបត្តិការជាមួយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី “របាយការណ៍ចីរភាព” ប្រកបដោយជោគជ័យ នាថ្ងៃសុុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:៣០ ដល់ម៉ោង ១១:០០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។
សិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោកស្រី ហាក់ គន្ធា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានសារជីវកម្ម នៃនិយ័តករមូលបត្រ។ លោកស្រីបានចែករំលែកចំណេះដឹងដ៏មានតម្លៃពាក់ព័ន្ធនឹងការបង្ហាញព័ត៌មានចីរភាពក្នុងវិស័យមូលមត្រនៅកម្ពុជា។
អំឡុងសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដូចជា៖
· ការយល់ដឹងពីស្តង់ដានៃការបង្ហាញព័ត៌មានចីរភាពក្នុងតំបន់ និងសកលដូចជា GRI, TCFD និង ISSB
· ការយល់ដឹងពីបទប្បញ្ញត្តិទាក់ទងនឹងការបង្ហាញព័ត៌មានចីរភាពសម្រាប់វិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា
· ការយល់ដឹងពីរបៀបនៃការរៀបចំរបាយការណ៍ចីរភាពស្របតាមបទប្បញ្ញតិ្តជាធរមាន
· ការឆ្លើយតបកត្តាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ
កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៣៧៥ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., ក្រុមហ៊ុនសក្តានុពលដែលមានបំណងបោះផ្សាយលក់មូលបត្រ ក្រុមហ៊ុនបោះផ្សាយ និងបុគ្គលចុះបញ្ជីលក់មូលបត្រ, នាយកប្រតិបត្តិក្រុមហ៊ុន (នាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ យុទ្ធសាស្ត្រ ហានិភ័យ ការអនុលោមតាមច្បាប់), បុគ្គលិកផ្នែកនិរន្តរភាព/ESG, ក្រុមហ៊ុនមូលបត្រ, វិនិយោគិនស្ថាប័ន, សវនករ អ្នកប្រឹក្សា និងទីប្រឹក្សាផ្នែកច្បាប់, ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើនិរន្តរភាព។
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។
វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ហាក់ គន្ធា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។














