កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការរៀបចំផ្ទាំងទិន្នន័យហិរញ្ញវត្ថុតាមកម្មវិធី Excel”

កក្កដា 24, 2026

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ការរៀបចំផ្ទាំងទិន្នន័យហិរញ្ញវត្ថុតាមកម្មវិធី Excel” ប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១១:៣០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​ 

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយសលោក បាន សិទ្ធី សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងវិភាគទិន្នន័យនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ លោកបានចែករំលែកចំណេះដឹងអនុវត្តជាក់ស្តែងលើការបង្កើតផ្ទាំងទិន្នន័យ ការវិភាគទិន្នន័យហិរញ្ញវត្ថុ ការតាមដាន KPI និងការរៀបចំរបាយការណ៍ដោយស្វ័យប្រវត្តិក្នុងកម្មវិធី Excel 

អំឡុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

  • យល់ដឹងអំពីការបង្កើតផ្ទាំងទិន្នន័យហិរញ្ញវត្ថុនៅក្នុងកម្មវិធី Excel
  • បង្កើនជំនាញលើការវិភាគ និងបង្ហាញទិន្នន័យហិរញ្ញវត្ថុតាមបែបទំនើប
  • យល់ដឹងពីការប្រើប្រាស់ Power Query, Slicers និង Conditional Formatting សម្រាប់ការរៀបចំរបាយការណ៍ដោយស្វ័យប្រវត្តិ
  • ពង្រឹងសមត្ថភាពលើការតាមដាន KPI និងការគាំទ្រការសម្រេចចិត្ត
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៥៩០ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., អ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ, អ្នកគ្រប់គ្រង និងអ្នកវិភាគហិរញ្ញវត្ថុ, ម្ចាស់អាជីវកម្ម, អ្នកវិភាគទិន្នន័យកម្រិតដំបូង, អ្នកគ្រប់គ្រងផ្នែកលក់ និងប្រតិបត្តិការ និងបុគ្គលពាក់ព័ន្ធដែលកំពុងស្វែងរកការកែលម្អប្រសិទ្ធភាពការងារ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក បាន សិទ្ធី ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។