ពិព័រណ៍ការងារប្រចាំឆ្នាំ២០២៦ ស្តីពី “ការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយក្រុមហ៊ុន” នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ

កក្កដា 27, 2026

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានសហការជាមួយវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ រៀបចំកម្មវិធីពិព័រណ៍ការងារប្រចាំឆ្នាំ២០២៦ ស្តីពី “ការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយក្រុមហ៊ុន” នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងលោក ប៊ុន សុន្ទរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ និងមានការរួមទាំងថ្នាក់ដឹកនាំនៃ​​ វ.គ.ស.ក. តំណាងក្រុមហ៊ុនគណនេយ្យ និងសវនកម្ម ធនាគារ សាស្ត្រាចារ្យ និង​សិស្សនិស្សិតជាច្រើននាក់។

ក្នុងកម្មវិធីនេះ និស្សិតទទួលបានការយល់ដឹងដ៏មានតម្លៃអំពីសារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារដែលកំពុងវិវត្ត។ និស្សិតត្រូវបានលើកទឹកចិត្តឱ្យបន្តពង្រឹងចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ និងតម្លៃសីលធម៌របស់ខ្លួនជាប្រចាំ ដើម្បីបង្កើនការត្រៀមខ្លួនសម្រាប់អាជីពការងារ។ កម្មវិធីនេះក៏មានការធ្វើបទបង្ហាញអំពីប្រព័ន្ធគាំទ្រអាជីពការងារ (CSS) ដែលជាប្រព័ន្ធតភ្ជាប់និស្សិតទៅនឹងឱកាសចុះកម្មសិក្សា និងឱកាសការងារ ដែលផ្តល់ដោយបណ្តាក្រុមហ៊ុនជាសមាជិករបស់ វ.គ.ស.ក.។ បន្ទាប់មក កម្មវិធីក៏បានរៀបចំវេទិកាពិភាក្សាក្រោមប្រធានបទ “អាជីពការងារក្នុងវិស័យគណនេយ្យ និងសវនកម្ម” ដោយមានការចូលរួមចែករំលែកបទពិសោធពីអ្នកជំនាញមកពីក្រុមហ៊ុន វីអេសឌី អឌីត អេន អឹសួរ៉ិនស៍ ឯ.ក ក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន និង​ក្រុមហ៊ុន យោរ ហ្គាយដីង ស្តារ អាខោនធីង ឯ.ក អំពីបទពិសោធការងារ ជំនាញដែលនិយោជកត្រូវការ និងការត្រៀមខ្លួនដើម្បីទទួលបានភាពជោគជ័យក្នុងអាជីពការងារ។ និស្សិតក៏បានចូលរួមទស្សនាស្តង់ពិព័រណ៍ការងាររបស់ក្រុមហ៊ុនជាច្រើន ផ្តល់ឱកាសដល់និស្សិតក្នុងការជួបពិភាក្សាដោយផ្ទាល់ជាមួយនិយោជក ស្វែងយល់ពីតម្រូវការទីផ្សារការងារ និងពង្រឹងបណ្តាញទំនាក់ទំនងវិជ្ជាជីវៈរបស់ខ្លួន។

ជាលទ្ធផល កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារ លើកកម្ពស់ការត្រៀមខ្លួនសម្រាប់អាជីពការងារនាពេលអនាគត ព្រមទាំងពង្រឹងកិច្ចសហការរវាងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ និងក្រុមហ៊ុនជាសមាជិកក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពសម្រាប់វិស័យគណនេយ្យ និងសវនកម្ម។

កម្មវិធីនេះបានបញ្ចប់នៅវេលាម៉ោង៣:០០នាទីរសៀលនាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពស្និទ្ធស្នាល ដោយបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់និស្សិត និងបណ្តាក្រុមហ៊ុនដែលបានចូលរួម ក្នុងការកសាងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងស្វែងរកឱកាសការងារផ្សេងៗ។