វគ្គតម្រង់ទិសស្តីពី “ការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងប្រព័ន្ធគាំទ្រអាជីពការងារ (CSS)”

កក្កដា 11, 2026

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងប្រព័ន្ធគាំទ្រអាជីពការងារ (CSS)” ជូនដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតប្រមាណ ២០០នាក់ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដើម្បីពង្រឹងការយល់ដឹងអំពីគណនេយ្យ និងលើកកម្ពស់តម្លៃនៃការសិក្សាវិជ្ជាជីវៈគណនេយ្យ។

វគ្គតម្រង់ទិសនេះ ទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងសកម្មពីសំណាក់សិស្សនិស្សិត។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ និស្សិតត្រូវបានណែនាំឱ្យយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងតួនាទីរបស់កម្មវិធីសិក្សានេះ ដែលជាជំហានដំបូងឆ្ពោះទៅរកការក្លាយជាគណនេយ្យករជំនាញកម្រិតខ្ពស់ (CPA) នៅប្រទេសកម្ពុជា។ លើសពីនេះ និស្សិតក៏ទទួលបាននូវការលើកទឹកចិត្តឱ្យចុះឈ្មោះចូលរួមការប្រឡង (ATQ) និងការស្វែងយល់អំពីកម្មវិធីសិក្សាលើទូរស័ព្ទដៃ (KICPAA app) ដែលជាកន្លែងផ្តល់នូវធនធានសិក្សានានា ដើម្បីគាំទ្រដល់ការសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈរបស់ពួកគេ។

បន្ថែមពីនេះ និស្សិតក៏ទទួលបានការយល់ដឹងអំពីប្រព័ន្ធគាំទ្រអាជីពការងារ (CSS) ដែលជាប្រព័ន្ធបច្ចេកវិទ្យាមួយត្រូវបានបង្កើតឡើងដោយ វ.គ.ស.ក. ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិតជាសមាជិក ជាមួយបណ្តាក្រុមហ៊ុនជាសមាជិក ដើម្បីទទួលបានឱកាសចុះកម្មសិក្សា និងឱកាសការងារ។ និស្សិតត្រូវបានលើកទឹកចិត្តឱ្យបង្កើត និងបញ្ចូលប្រវត្តិរូបសង្ខេប (CV) របស់ពួកគេទៅក្នុងប្រព័ន្ធ (CSS) ដែលអនុញ្ញាតឱ្យក្រុមហ៊ុននានាអាចស្វែងរកបេក្ខជនដែលសមស្របសម្រាប់ការចុះកម្មសិក្សា និងការជ្រើសរើសបុគ្គលិកចូលបម្រើការងារ។

កម្មវិធីនេះត្រូវបានបញ្ចប់នៅម៉ោង ១១:១០ នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសប្រកបដោយផ្លែផ្កា និងភាពស្និទ្ធស្នាល ដោយបានផ្តល់ជូននិស្សិតនូវការយល់ដឹងដ៏មានតម្លៃអំពីគុណវុឌ្ឍិវិជ្ជាជីវៈគណនេយ្យ និងឱកាសអភិវឌ្ឍអាជីពការងារក្នុងវិជ្ជាជីវៈគណនេយ្យ។