នាព្រឹកថ្ងៃអង្គារ ២ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. អមដោយលោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោកស្រី ហង្សសូផាត ម៉ូលីហ្សាណា អនុប្រធានគណៈកម្មការចុះឈ្មោះនិងសមាជិកភាព វ.គ.ស.ក. និង លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន” ។ សិក្ខាសាលាផ្សព្វផ្សាយនេះ ដឹកនាំដោយឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងកាន់តែច្បាស់អំពី បែបបទ នីតិវិធីការស្នើសុំអាជ្ញាបណ្ណ និងសិទ្ធិ កាតព្វកិច្ចរបស់ម្ចាស់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ជូនដល់ក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសាធារណជន។ ក្នុងនោះ កញ្ញា កឹង កែវពិសី ដែលជាមន្ត្រីសមាជិកភាពនៃ វ.គ.ស.ក. បានធ្វើបទបង្ហាញអំពី “សមាជិកភាពរបស់ វ.គ.ស.ក.”ផងដែរ។ កម្មវិធីនេះមានការចូលរួមពី តំណាងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសាធារណជនសរុបចំនួនប្រមាណ ៣០០រូប នៅសណ្ឋាគារភ្នំពេញ ។
Author: Koem Prek
អបអរសាទរខួបលើកទី២០ឆ្នាំនិងពិសាអាហារពេលល្ងាច
នៅល្ងាចថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានប្រារព្ធកម្មវិធី “អបអរសាទរខួបលើកទី២០ឆ្នាំនិងពិសាអាហារពេលល្ងាច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទទួលបន្ទុកនិយ័តករគណនេយ្យនិងសវនកម្ម និងមានការចូលរួមពី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល ដៃគូ និងសមាជិករបស់ វ.គ.ស.ក.ជាច្រើនរូប នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ កម្មវិធីនេះបានបង្ហាញឱ្យឃើញនូវសមិទ្ធផលដ៏ធំធេងដែល វ.គ.ស.ក. សម្រេចបានក្នុងរយៈពេល២០ឆ្នាំកន្លងមក ហើយក៏បានបង្ហាញពីស្មារតីសាមគ្គីភាពនិងភាតរភាពរបស់សមាជិកក្នុងការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។ កម្មវិធីអបអរសាទរខួបលើកទី២០ឆ្នាំនេះ បានប្រព្រឹត្តទៅដោយក្តីសោមនស្សរីករាយនិងស្និតស្នាលក្រៃលែង។
សេចក្តីប្រកាសព័ត៌មាន ស្តីពីមហាសន្និបាតប្រចាំឆ្នាំលើកទី២០នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា
សេចក្តីប្រកាសព័ត៌មាន
ស្តីពីមហាសន្និបាតប្រចាំឆ្នាំលើកទី២០នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា
———————————
នារសៀលថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានប្រារព្ធកម្មវិធី “មហាសន្និបាតប្រចាំឆ្នាំលើកទី២០”របស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) ។ មហាសន្និបាតប្រចាំឆ្នាំលើកទី២០នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីរាយការណ៍ជូនសមាជិកអំពី៖ (១). សមិទ្ធផលឆ្នាំ២០២២ (២). វឌ្ឍនភាពការងារឆ្នាំ២០២៣ (៣). សេចក្តីរាយការណ៍ស្តីពីរបាយការណ៍ហិរញ្ញវត្ថុ (៤). ការយល់ស្របទៅលើរបាយការណ៍ហិរញ្ញវត្ថុរងសវនកម្មឆ្នាំ២០២២ (៥). ការជ្រើសរើសសវនករឯករាជ្យសម្រាប់ឆ្នាំ២០២៣ និង (៦). លទ្ធផលនៃការស្ទាបស្ទង់មតិពីសមាជិក។ មហាសន្និបាតនេះមានការចូលរួមពីប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិករបស់ វ.គ.ស.ក. ជាច្រើនរូប នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
នារសៀលថ្ងៃសុក្រ ៦ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វ.គ.ស.ក. បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់លោកគ្រូនៃសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ចំនួន១០នាក់ នៅបន្ទប់ប្រជុំ វ.គ.ស.ក.។ គោលបំណងនៃការបណ្ដុះបណ្ដាលគ្រូបង្គោលនេះគឺដើម្បីជម្រុញអត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតរបៀបនៃការរៀននិងការបង្រៀនថ្មីនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។ លោក ជា ធួន នាយកផ្នែកអប់រំ វ.គ.ស.ក. គឺជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖
– ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពនៃវិស័យគណនេយ្យនិងសវនកម្ម
– កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
– ការរៀន និងបង្រៀនក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
វគ្គសិក្សានេះបានបញ្ចប់នៅវេលាម៉ោង៥:០០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន សូតា ប្រឹហ្វេសិនណល ឯ.ក
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន សូតា ប្រឹហ្វេសិនណល ឯ.ក ស្តីពីការចុះកម្មសិក្សា របស់និស្សិត ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ បានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ វ.គ.ស.ក.។
ខ្លឹមសារនៃអនុស្សរណៈនេះមានគោលបំណងផ្តល់ឱកាសជូននិស្សិតដែលកំពុងសិក្សាកម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) របស់ វ.គ.ស.ក. ចុះកម្មសិក្សាផ្ទាល់ជាមួយក្រុមហ៊ុន សូតា ប្រឹហ្វេសិនណល ឯ.ក ដែលជាក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងជាសមាជិក វ.គ.ស.ក. មួយនៅកម្ពុជា។ បន្ថែមលើខ្លឹមសារនេះក្រុមហ៊ុន សូតា ប្រឹហ្វេសិនណល ឯ.ក នឹងជំរុញលើកទឹកចិត្តឱ្យបុគ្គលិករបស់ខ្លួនចូលរួមសិក្សានិងប្រឡងក្នុងកម្មវិធីបច្ចេកទេសគណនេយ្យនេះផងដែរ។ កម្មវិធីសិក្សានេះនឹងក្លាយជាផ្នែកមួយនៃការពង្រឹងសមត្ថភាពនិងផលិតភាពបុគ្គលិកឱ្យកាន់តែប្រសើរជាងមុន។
ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
នាព្រឹកថ្ងៃអង្គារ ៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វ.គ.ស.ក. បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់ អ្នកគ្រូលោកគ្រូនៃវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ចំនួន១៥នាក់ នៅបន្ទប់ប្រជុំ វ.គ.ស.ក.។
គោលបំណងនៃការបណ្ដុះបណ្ដាលគ្រូបង្គោលនេះគឺដើម្បីជម្រុញ អត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតរបៀបនៃការរៀននិងបង្រៀនថ្មីនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។ លោក ជា ធួន នាយកផ្នែកអប់រំ វ.គ.ស.ក. គឺជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖
– វ.គ.ស.ក. និងបច្ចុប្បន្នភាពនៃវិស័យគណនេយ្យនិងសវនកម្ម
– កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
– ការរៀន និងបង្រៀនក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
វគ្គសិក្សានេះបានបញ្ចប់នៅវេលាម៉ោង១១និង៤៥នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពរីករាយក្រៃលែង។
KICPAA Webinar: Managing Financial Distress Stabilization, Turnaround and Restructuring
KICPAA Webinar: Managing Financial Distress Stabilization, Turnaround and Restructuring
The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from KPMG CAMBODIA LTD. hosted a webinar on “Managing Financial Distress Stabilization, Turnaround and Restructuring” on Wednesday, 14 June 2023 from 9:00 AM to 12:00 PM. The webinar is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing of accountancy industry in Cambodia.
The Webinar was successfully conducted with significant excitement and interest by more than 300 participants.
ស្ដីពី តម្លាភាពនិងការផ្លាស់ប្តូរព័ត៌មានអំពីគោលបំណងពន្ធ និងជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទស្សនកិច្ចមកកម្ពុជា ដើម្បីសាកល្បងពិនិត្យនិងវាយតម្លៃដល់ទីកន្លែង (Mock On-site Visit) មុននឹងមានការវាយតម្លៃជាក់ស្ដែងសម្រាប់សមាជិកភាពកម្ពុជាក្នុង Global Forum
នាថ្ងៃអង្គារ ៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធាន វ.គ.ស.ក. លោក ហុង ពិសិដ្ឋ អនុប្រធាន វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូលេខាធិការដ្ឋាននៃវេទិកាសកល ( Global Forum) ស្ដីពី តម្លាភាពនិងការផ្លាស់ប្តូរព័ត៌មានអំពីគោលបំណងពន្ធ និងជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទស្សនកិច្ចមកកម្ពុជា ដើម្បីសាកល្បងពិនិត្យនិងវាយតម្លៃដល់ទីកន្លែង (Mock On-site Visit) មុននឹងមានការវាយតម្លៃជាក់ស្ដែងសម្រាប់សមាជិកភាពកម្ពុជាក្នុង Global Forum ដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទី៤ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពរឹងម៉ាំ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក Renjith Varma, Cluster Head of Mainland Southeast Asia of ACCA និងលោក នូ រតនា Head of ACCA Cambodia បានបំពេញទស្សនកិច្ចនៅ វ.គ.ស.ក. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពរឹងម៉ាំ។ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនកិច្ចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ។
តើត្រូវត្រៀមខ្លួនបែបណាដើម្បីប្រលង ATQ នៅ KICPAA?
នាព្រឹកថ្ងៃសៅរ៍ ៨ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងក្លឹបគណនេយ្យកម្ពុជា (CAC) បានរៀបចំសិក្ខាសាលាស្តីពី “តើត្រូវត្រៀមខ្លួនបែបណាដើម្បីប្រលង ATQ នៅ KICPAA?” សម្រាប់សិស្សនិស្សិត CAC និងបុគ្គលិកដែលកំពុងសិក្សាមុខវិជ្ជាគណនេយ្យជាច្រើននាក់។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្សនិស្សិត និងអ្នកចូលរួម។ ជាលទ្ធផលសិក្ខាសាលានេះបានផ្តល់អត្ថប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖
១.ស្វែងយល់អំពី វ.គ.ស.ក. និងវិស័យគណនេយ្យនិងសវនកម្ម
២.ស្វែងយល់អំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
៣.ស្វែងយល់អំពីបច្ចេកទេសក្នុងការរៀននិងប្រឡងឱ្យបានជាប់។
សិក្ខាសាលានេះត្រូវបានបញ្ចប់នៅវេលាម៉ោង 12 និង 20 នាទីថ្ងៃត្រង់នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលក្រៃលែង។
ការអនុវត្តស្ដង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាពនៃកម្ពុជា (Cambodian International Standard on Quality Management – CISQM1 & CISQM2)
នារសៀលថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោកហុង ពិសិដ្ឋ អនុប្រធាន វ.គ.ស.ក. លោក អុឹង គឹមសុភ័ក្ត្រា ប្រធានគណៈកម្មការបច្ចេកទេសនិងជាសមាជិកក្រុមប្រឹក្សាភិបាល វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី “ការអនុវត្តស្ដង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាពនៃកម្ពុជា (Cambodian International Standard on Quality Management – CISQM1 & CISQM2)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ កម្មវិធីប្រជុំពិគ្រោះយោបល់នេះដែរមានការចូលរួមពីតំណាងក្រុមហ៊ុនគណនេយ្យ និងសវនកម្មជាច្រើនរូប នៅសាលប្រជុំជាន់ទី២ នៃអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ)។
កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១. បង្ហាញពីទិដ្ឋភាពទូទៅនៃស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាពនៃកម្ពុជា
២. ការរៀបចំ និងអនុវត្តស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាពនៃកម្ពុជា និង
៣.ដើម្បីធ្វើឱ្យការអនុវត្តស្តង់ដាទាំងពីរនេះកាន់តែមានប្រសិទ្ធភាព នាពេលអនាគតផងដែរ។
ការពង្រឹងចំណេះដឹងបច្ចេកទេស និងលើកទឹកចិត្តដល់បុគ្គលិកឱ្យសិក្សាជំនាញវិជ្ជាជីវៈគណនេយ្យ
ព្រឹកថ្ងៃសុក្រ ១៥ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានចូលរួមផ្សព្វផ្សាយ អំពីសមាជិកភាពនិងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ដល់បុគ្គលិករបស់ក្រុមហ៊ុនខេ ភី អឹម ជ្ជី ខេមបូឌា (KPMG Cambodia) និងអ្នកចូលរួមផ្សេងៗទៀត ក្នុងកម្មវិធីដែលបានរៀបចំឡើងដោយក្រុមហ៊ុនខេ ភី អឹម ជ្ជី ខេមបូឌា (KPMG Cambodia) ស្តីពី “ការពង្រឹងចំណេះដឹងបច្ចេកទេស និងលើកទឹកចិត្តដល់បុគ្គលិកឱ្យសិក្សាជំនាញវិជ្ជាជីវៈគណនេយ្យ” ចាប់ពីម៉ោង ៩និង៣០នាទីព្រឹក នៅការិយាល័យក្រុមហ៊ុនខេ ភី អឹម ជ្ជី ខេមបូឌា (KPMG Cambodia)។ កម្មវិធីនេះមាន ការជជែក និងពន្យល់ពីក្រុមការងារ វ.គ.ស.ក. និងការចូលរួមឆ្លើយសំណួរយករង្វាន់យ៉ាងសប្បាយរីករាយ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បី៖
១. ផ្សព្វផ្សាយដល់បុគ្គលិកក្រុមហ៊ុន KPMG និងអ្នកចូលរួមសិក្សាស្វែងយល់កាន់តែច្បាស់ពី វ.គ.ស.ក.
២. ពន្យល់ពីការចូលជាសមាជិករបស់ វ.គ.ស.ក. និង
៣. ផ្សព្វផ្សាយអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ដល់បុគ្គលិកក្រុមហ៊ុន KPMG ដែលកំពុងបម្រើការងារផ្នែកគណនេយ្យបានសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ផងដែរ។
កម្មវិធីនេះបានបញ្ចប់នៅវេលាម៉ោង១១និង០០នាទីព្រឹកប្រកបដោយភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលក្រៃលែង។
ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
រសៀលថ្ងៃព្រហស្បតិ៍ ១៤ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វ.គ.ស.ក. បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ដល់លោកគ្រូអ្នកគ្រូនៃវិទ្យាស្ថាន វ៉ាន់ដា ចំនួន១២នាក់ នៅបន្ទប់ប្រជុំ វ.គ.ស.ក.។ គោលបំណងនៃការបណ្ដុះបណ្ដាលគ្រូបង្គោលនេះគឺដើម្បីជម្រុញ អត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតរបៀបនៃការរៀននិងបង្រៀនថ្មីនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។ លោក ជា ធួន នាយកផ្នែកអប់រំ វ.គ.ស.ក. គឺជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ បានធ្វើបទបង្ហាញអំពី៖
– វ.គ.ស.ក. និងបច្ចុប្បន្នភាពនៃវិស័យគណនេយ្យនិងសវនកម្ម
– កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ និង
– ការរៀន និងបង្រៀនក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
វគ្គសិក្សាបានបញ្ចប់នៅវេលាម៉ោង៥និង១៥នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងរីភាពករាយក្រៃលែង។
ជួបពិភាក្សាក៏ដូចជាធ្វើការសិក្សាស៊ីជម្រៅបន្ថែមពីសសរស្ដម្ភនៃការអភិវឌ្ឍសហគ្រាសអនុវត្តខ្នាតតូចនិងមធ្យម (SMPs) របស់វិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី (ISCA) ពោលគឺ SMPs Centre of Excellence
នារសៀលថ្ងៃពុធ ៦ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំរបស់វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) ដែលដឹកនាំដោយ លោក ឃុន ដារិទ្ធ ប្រធាន វ.គ.ស.ក. អមដំណើរដោយ លោក ហុង ពិសិដ្ឋ អនុប្រធាន វ.គ.ស.ក. លោក អុឹង គឹមសុភ័ក្ត្រា ប្រធានគណៈកម្មការបច្ចេកទេសនិងជាសមាជិកក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី វ.គ.ស.ក. លោក ជា ធួន នាយកផ្នែកអប់រំ វ.គ.ស.ក. និងមន្រ្តីជំនាញពី និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានជួបពិភាក្សាក៏ដូចជាធ្វើការសិក្សាស៊ីជម្រៅបន្ថែមពីសសរស្ដម្ភនៃការអភិវឌ្ឍសហគ្រាសអនុវត្តខ្នាតតូចនិងមធ្យម (SMPs) របស់វិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី (ISCA) ពោលគឺ SMPs Centre of Excellence ដែលផ្តោតលើ៖
ទី១-គុណភាព (Quality) ៖ ផ្តោតលើការបង្កើនគុណភាពនៃការអនុវត្តរបស់ SMPs និងការស្វែងយល់ពីអតិថិជន
ទី២-ការគ្រប់គ្រងវិជ្ជាជីវៈ ៖ (Practice Management)៖ គាំទ្រដល់ SMPs ក្នុងការគ្រប់គ្រងនិងរីកចម្រើនក្នុងវិជ្ជាជីវៈ
ទី៣-ឌីជីថល (Digital) ៖ ធ្វើជាដៃគូក្នុងដំណើរការនៃឌីជីថលនីយកម្មតាមរយៈការរៀបចំនូវបច្ចេកវិទ្យា និងឧបករណ៍ឌីជីថលនានាដើម្បីបង្កើននូវសមត្ថភាពនិងលទ្ធភាពនៃការឈានចាប់យកនូវប្រព័ន្ធឌីជីថល
ទី៤-ជំនាញ (Skill) ៖ ពង្រីកនិងពង្រឹងជំនាញដល់SMPsបនែ្ថម
ការសិក្សាស៊ីជម្រៅបន្ថែមនេះបានបញ្ចប់នៅវេលាម៉ោង០៣រសៀលប្រកបដោយកិច្ចសហប្រតិបត្តិការនិងភាពស្និទ្ធស្នាលក្រៃលែង។
KICPAA Webinar: CIFRS 16
KICPAA Webinar: CIFRS 16
The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from PRICEWATERHOUSECOOPERS (CAMBODIA) LTD. hosted a webinar on “CIFRS 16” on Thursday, 11 May 2023 from 9:00 AM to 11:30 AM. The webinar is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing accountancy industry in Cambodia.
The Webinar was successfully conducted with significant excitement and interest by more than 400 participants.