
កិច្ចប្រជុំលើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ស.គ.ឧ.ក.) សម្រាប់ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
នារសៀលថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំជំនួបពិភាក្សាការងារជាមួយ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ស.គ.ឧ.ក.) ក្នុងគោលបំណងពិភាក្សាអំពី កាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍ និងការអនុវត្តកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) នៅក្នុងវិស័យឧត្តមសិក្សានៅកម្ពុជា។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃ វ.គ.ស.ក. និង លោក ជា ធួន នាយកប្រតិបត្តិរងនៃ វ.គ.ស.ក. ព្រមទាំងក្រុមការងារតំណាងឱ្យវិទ្យាស្ថាន វ.គ.ស.ក. នៅទីស្នាក់ការ ស.គ.ឧ.ក.។ កិច្ចប្រជុំនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគម ស.គ.ឧ.ក. រួមមាន ឯកឧត្តមបណ្ឌិត តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វេស្ទើន និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ស.គ.ឧ.ក. តំណាង ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វ៉ាន់ដា និងជាប្រធានក្រុមប្រឹក្សាភិបាល ស.គ.ឧ.ក. និង ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកនៃ ប៊ែលធី គ្រុប និងជាប្រធានគណៈប្រតិបត្តិសមាគម ព្រមទាំងសមាជិកនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។
ក្នុងឱកាសនៃកិច្ចពិភាក្សានេះ លោកស្រី សាវុធ ដាលី បានធ្វើបទបង្ហាញអំពីបេសកកម្មរបស់វិទ្យាស្ថាន និងសារៈសំខាន់នៃកម្មវិធី ATQ ដែលជាគុណវុឌ្ឍិវិជ្ជាជីវៈកម្រិតជាតិ រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសគណនេយ្យដល់និស្សិតតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា។ កម្មវិធីនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសសមត្ថភាពរបស់និស្សិតបញ្ចប់ការសិក្សា ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងនិន្នាការវិវត្តនៃវិស័យគណនេយ្យ និងសវនកម្ម។
ជាលទ្ធផល ថ្នាក់ដឹកនាំនៃសមាគម ស.គ.ឧ.ក. បានសម្តែងនូវការកោតសរសើរ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ និងបានផ្តល់អនុសាសន៍ឱ្យមានការរៀបចំ អនុស្សរណៈនៃយោគយល់គ្នា (MoU) ជាផ្លូវការ។ ការរៀបចំ MoU នេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័នទាំងពីរ ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិជ្ជាជីវៈគណនេយ្យឱ្យកាន់តែមានសក្តានុពល ស្របតាមស្តង់ដាជាតិ និងតំបន់។
កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយជោគជ័យ និងប្រកបដោយផ្លែផ្កា ដែលជាសញ្ញាណវិជ្ជមានក្នុងការលើកកម្ពស់គុណភាពអប់រំវិជ្ជាជីវៈ ជំរុញឱ្យមានការចូលរួមកាន់តែខ្លាំងក្លាពីសាកលវិទ្យាល័យនានា និងការតភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានសិក្សា ជាមួយនឹងស្ថាប័នវិជ្ជាជីវៈកម្រិតជាតិ ដើម្បីឧត្តមប្រយោជន៍នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។










